ខឹងពូគប់នឹងដុំថ្ម ក្មួយកាប់ពូ១កាំបិតប៉័ងតោដេរ១៤ថ្នេរ

0
158

ខេត្តកណ្ដាល: មានអំពើហិង្សាមួយកើតឡើងរវាងពូនិងក្មួយបានឈ្លោះគ្នា ហើយពេលពូប្រើដុំថ្មគប់ក្មួយ ឯក្មួយប្រុសប្រើកាំបិតប៉័ងតោកាប់ពូដេរជាច្រើនថ្នេរ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃ អង្គារ ១រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ន ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាក្មួយរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ចំណែកជនរងគ្រោះឈ្មោះ ជឿន ប៊ុនថង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលជាឪពុកមារបស់ជនសង្ស័យ រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យដេរជាច្រើនថ្នេរ ។ ជាមួយនេះដែរសមត្ថកិច្ចចាប់បានវត្ថុតាងរួមមានកាំបិតប៉័ងតោ ចំនួន ១ របស់ជនសង្ស័យប្រើប្រាស់ក្នុងពេលមានអំពើហិង្សានេះ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ត្រូវជា ពូ និង ក្មួយ បានឈ្លោះប្រកែកគ្នា ដោយប្រើពាក្យសម្តីដៀមដាមដាក់គ្នាទៅវិញទៅមក។ បន្ទាប់មកជនរងគ្រោះបានរើសដុំថ្មគប់ទៅលើជនសង្ស័យជាក្មួយចំនួន ៣ដុំថ្ម តែមិនត្រូវ ហើយជនសង្ស័យបានទាញចានថ្ម ០១ គប់មកលើជនសង្ស័យវិញចំសៀតផ្កាខាងឆ្វេង ។ ជាមួយគ្នានោះជនសង្ស័យខឹងពេកបានចូលទៅក្នុងផ្ទះបាយ យកកាំបិតប៉័ងតោមកកាប់ជនរងគ្រោះជាពូមួយកាំបិតចំថ្ពល់ខាងឆ្វេង បណ្តាលឲ្យរងរបួសចេញឈាមដេរចំនួន ១៤ថ្នេរ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ហើយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភូមិធំ បានចុះទៅដល់កន្លែងកើតហេតុបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ អនុវត្តតាមនីតិវិធីច្បាប់៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here