កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាប​ក្រុម​ចោរ​ជនជាតិ​ចិន​ ២​នាក់​ ជំនាញ​លួច​ឡាន​ ម៉ូតូ​ និង​គាស់​ផ្ទះ​

0
97

​ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​បើក​ប្រតិបត្តិការ​ដឹកនាំ​បង្ក្រាប​ក្រុម​ចោរ​ជនជាតិ​ចិន​២​នាក់​ ដែល​ជំនាញ​លួច​ឡាន​ ម៉ូតូ​ និង​គាស់​ផ្ទះ​ នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​នៅ​ខេត្តសៀមរាប​ ហើយ​បើក​គេច​មក​រាជធានី​ភ្នំពេញ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ គឺ​លោក​វរសេនីយ៍ឯក​ ខេ​ង​ ម៉េ​ង​ឈាង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ថា​ ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​,​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ អគ្គស្នងការ​រង​ទទួល​ផែន​កណ្តាល​យុត្តិធម៌​ និង​មានការ​ចង្អុលបង្ហាញ​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​លោក​វរសេនីយ៍ឯក​ ខេ​ង​ ម៉េ​ង​ឈាង​ បាន​បញ្ជាក់​ថា​ មុន​ឈាន​ដល់​ការ​បង្ក្រាប​នេះ​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ទទួល​ព័ត៌មាន​ថា​ មាន​ករណី​កាច់​សោរ​.​ក​ម៉ូតូ​ មក​ពី​ខេត្តសៀមរាប​ ដោយ​អ្នក​ធ្វើ​សកម្មភាព​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់​ ទើប​លោក​បាន​បញ្ជា​កម្លាំង​ដឹកនាំ​ដោយ​ វរសេនីយ៍ទោ​ ប៊ុត​ វណ្ណ​រដ្ឋ​ នាយ​រង​ការិយាល័យ​ ចុះ​ស្ទាក់​នៅ​ច្រកចូល​រាជធានី​ភ្នំពេញ​តែ​ម្ដង​។​

​ជា​លទ្ធផល​កម្លាំង​ជំនាញ​ ក៏​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់​ ទី​១៖​ឈ្មោះ​ លាំង​ ហិន​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ និង​ទី​២៖​ឈ្មោះ​ WEI​ JUNZHI​ អាយុ​៣២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​។​

​ក្នុង​នោះ​សម្ភារ​ដកហូត​រួម​មាន​ ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ហុងដា​ ឃ្លី​ក​ ផលិត​ឆ្នាំ​២០១២​ គ្មាន​ស្លាក​លេខ​ (​របស់​ជន​រង​គ្រោះ​),​ សោ​កាច់ក​ ចំនួន​ ៣​គ្រាប់​ ដង​ចំនួន​១,​ អា​គុយ​ចំនួន​១,​ ម៉ា​ស៊ិ​ន​មិន​ស្គាល់​ម៉ាក​ប្រើ​អគ្គី​ស​នី​ ចំនួន​១​ មាន​ដង​ចំនួន​២​ (​ឧបករណ៍​សម្រាប់​រាវរក​លោហៈធាតុ​ក្នុង​ទូក​ដេក​ មាស​ ផ្លា​ទី​ន​……..),​ កាត​ចំនួន​ ១២​កាត​,​ ដែក​ត្បែង​ចំនួន​ ៦​កំណាត់​ អាច​តប​ញ្ជូ​ល​គ្នា​បាន​សម្រាប់​គាស់​ផ្ទះ​,​ ម៉ា​ស៊ិ​ន​ឆូត​កាត​ ចំនួន​១​គ្រឿង​ (​ពេល​លួច​កាត​ ATM​ បាន​គ្រាន់តែ​ឆូត​ គឺ​អាច​ផ្ទេរ​លុយ​ចូល​គណនី​របស់​ពួក​គេ​បាន​),​ លិខិតឆ្លងដែន​ឈ្មោះ​ WEI​ JUNZHI​ ចំនួន​១​ក្បាល​ និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

​នាយការិយាល័យ​រូប​នេះ​ បាន​អះអាង​ទៀត​ថា​ យោង​តាម​សម្ភារ​ដកហូត​ខាងលើ​ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សន្និដ្ឋាន​ថា​ ជន​ជនសង្ស័យ​ខាងលើ​ក្រៅពី​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ គឺ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ និង​លួច​រថយន្ត​។​ បន្ទាប់​ពី​បញ្ចប់​ការ​សួរនាំ​ ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ជូន​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដែល​ជា​ម្ចាស់​ករណី​ដើម្បី​ចាត់ការ​បន្ដ​៕


LEAVE A REPLY

Please enter your comment!
Please enter your name here