យក​កាំបិត​ចុង​ស្រួច​ភ្ជង់ក ​​ឆក់​យក​​កាបូប និង​ប្លន់ PassAppមួយគ្រឿង សមត្ថកិច្ចតាមក្របួចជាប់នៅខេត្តព្រៃវែង

0
89

ខេត្តកណ្តាល​៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ​ម្នាក់មាន​មាឌធំ​ បាន​យក​កាំបិត​ចុង​ស្រួច​ភ្ជង់ ក ជនរងគ្រោះ​​ពីរនាក់ប្តីប្រពន្ធឆក់​យក​​កាបូបលុយ និង​ឡំប្រឺតា PassApp មួយ គ្រឿងយក​ទៅ​បាត់​ដោយ​សុវត្ថិភាព​ តែក្រោយមកសមត្ថកិច្ចតាមប្រមាញ់ចាប់ជនសង្ស័យនេះទាល់តែបាន។

ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃ អង្គារ ៨រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នំា២០១៩​ ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​ព្រៃ​ចាស់ ឃុំ វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

មន្រ្តីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះ​២​នាក់​​ប្តី​ប្រពន្ធនេះមាន ​ឈ្មោះ អាន សុ​ភ័​ក្រ ភេទ ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ រត់​(Pass App) មាន​ទី​លំ​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​(​ប្តី​) ឈ្មោះ ជ សុវណ្ណ​ឌី ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មេផ្ទះ នៅ​ភូមិ ឃុំ ជាមួយ​ឈ្មោះ អាន សុ​ភ័​ក្រ (​ប្រពន្ធ​)​។ ជនរងគ្រោះបានបាត់សម្ភារៈរួមមាន ឡំប្រឺតា PassApp ១ គ្រឿង ពណ៌ ស គ្មាន​ស្លាកលេខ កាបូប​លុយ​១ដែល ក្នុង​កាបូប​លុយ​មាន ទូរស័ព្ទ​ចំនួន​២​គ្រឿង និង​ប្រាក់រៀល​៥​ម៉ឺន​រៀល​។​

​ប្រភពព័ត៌មានពីមន្រី្តនគរបាល​ស្រុកខ្សាច់កណ្តាលបានឲ្យដឹង​ថា ជនរងគ្រោះ អាន សុ​ភ័​ក្រ ប្រកបមុខរបរ​រត់​PassApp ហើយ​កន្លងមក​ជនរ​ង​គ្រោះ​ធ្លាប់​ដឹក ជនសង្ស័យ​ជាច្រើនលើក​មកហើយដែរ។ នៅ​ថ្ងៃទី​១៨ វិច្ឆិកា ២០១៩​ម៉ោង​១១​និង​៣០​នាទីយប់ ​ជនរងគ្រោះ បាន​ដឹក​ជនសង្ស័យ​១​នាក់​មិន​ស្គាល់ឈ្មោះ និង​ម្នាក់ទៀត​មកជា​មួយ​ជនសង្ស័យ​ដែរតែមិន​ស្គាល់ឈ្មោះ​ រួមទាំង​ប្រពន្ធ​របស់ខ្លួន​ដឹក​ចេញពី​ផ្លូវ​វេងស្រេង រាជធានី​ភ្នំពេញ ថា​ទៅ​វិមាន​ឈ្នះៗ ។ ពេលទៅដល់​វិមាន​ឈ្នះៗ ជនសង្ស័យ​ឲ្យ​ឌុប​បន្ត ទៅ​ស្ពាន​ព្រែក​តា​មាក់ហើយ ពេលមកដល់​ស្ពាន​ព្រែក​តា​មាក់ ប្រាប់​ឲ្យ​ឌុប​បន្ត​ទៅមុខទៀត។ ពេលទៅដល់​កន្លែងកើតហេតុ​ជនសង្ស័យ​បាន​ឲ្យ​ជនរងគ្រោះ​ឈប់ PassApp ហើយភ្លាមនោះស្រាប់តែជនសង្ស័យ​ម្នាក់​មាឌធំ​បាន​យក​កាំបិត​ចុង​ស្រួច​ភ្ជង់ ក ជនរងគ្រោះ​ឈ្មោះ ជ វណ្ណឌី ជា​ប្រពន្ធ ហើយថែមទាំង​វាយ​ត្រូវចំ​មុខជាច្រើន​ដៃ រួច​ឆក់យក​កាបូ​ប​លុយពីដៃ។ លុះពេលប្តី​ឃើញ​ដូច​នោះអាណិតប្រពន្ធពេក​ក៏​ប្រគល់​PassApp​ឲ្យ​ទៅ​ជនសង្ស័យ រួច​ជនសង្ស័យ​ជិះ​ទៅ​ទិសខាងកើត​សំដៅទៅ​ស្រុក​ពារាំង ខេត្តព្រៃវែង។​ចំណែក​ជន​ម្នាក់ទៀត​ដែល​មកជា​មួយ​ជនសង្ស័យ មិនបាន​ទៅជា​មួយ​ជនសង្ស័យ​នោះទេ​។​

បន្ទាប់មកជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ និង​ម្នាក់​មកជា​មួយ​ជនសង្ស័យនោះ បាន​ហៅរថយន្តគេ​ដឹកស្រូវ​ជិះ​តាមរក​ជនសង្ស័យ តែ​រក​មិន ឃើញ ក៏​ជិះរថយន្ត​ដឹក​ឥដ្ឋ​ត្រឡប់មកឃុំ​ព្រែ​កតា​មាក់​វិញ ហើយ​ចូល​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាននគរបាលស្រុក​ខ្សាច់កណ្តាល​ ។​

​យ៉ាងណាក្នុងករណីនេះ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលភ្ជង់ប្លន់ Pass App ប្តីប្រពន្ធ២នាក់ នៅស្រុកខ្សាច់កណ្តាលនោះត្រូវបាន កម្លាំងរបស់លោកចាប់បានហើយ នៅស្រុកមេសាង ដោយបានប្រគល់ឲ្យកងរាជអាវុធហត្ថខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី ។

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានបន្ថែមទៀតថា នៅវេលាម៉ោង៦និង៥០នាទី ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់នេះបាននៅស្រុកមេសាង ។

ជនសង្ស័យមានឈ្មោះ បាន រដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។

ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យរូបនេះបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here