បុរស​ម្នាក់​វាយដំ​ប្រពន្ធ​ខ្លួនឯង​រហូត​បាក់ដៃ​រួច​យក​កាំបិត​កាប់​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​គួរ​ឲ្យ​សង្វេគ​ក្នុង​វាលស្រែ​នៅ​ស្រុក​ពញាឮ​

0
94

​កណ្ដាលៈ​ បុរស​ដែល​មានចិត្ត​ឃោ​ឃៅ​ម្នាក់​ ពុំ​ដឹង​ជា​ខឹង​ប្រពន្ធ​នៅ​រឿងហេតុ​អី​ បាន​វាយដំ​ទៅ​លើ​ប្រពន្ធ​រហូត​បាក់ដៃ​ម្ខាង​ ហើយ​នៅ​តែ​មិន​អស់ចិត្ត​ បាន​យក​កាំបិត​កាប់​ទៅ​លើ​ក្បាល​ប្រពន្ធ​បន្ថែម​ទៀត​ បណ្ដាល​ឲ្យ​ស្លាប់​គួរ​ឲ្យ​សង្វេគ​ ខណៈ​ដែល​ជនសង្ស័យ​និង​ជន​រង​គ្រោះ​ ចេញ​ទៅ​រក​ក្ដាម​នៅ​ស្រែ​ខាងកើត​ភូមិ​ ។​ ករណី​ឃាតកម្ម​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ វាលស្រែ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពុទ្រា​ ឃុំ​ទំនប់​ធំ​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​

​ មន្ត្រី​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​ ឃុ​ត​ សុផល​ ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សន្តិសុខ​​រោងចក្រ​ (​រត់គេច​ខ្លួន​បាត់​ស្រមោល​)​ រីឯ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ យ៉ា​ត​ ស្រី​ពៅ​ ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ រក​ក្ដាម​លក់​ ។​ ជនសង្ស័យ​និង​ជន​រង​គ្រោះ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពុទ្រា​ ឃុំ​ទំនប់​ធំ​ ស្រុក​ ពញាឮ​ ខេត្តកណ្តាល​។​

​ ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​កើតហេតុ​ ថ្ងៃ​ទី​ ២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ ជនសង្ស័យ​ជា​ប្តី​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ម្ដង​រួច​មក​ហើយ​ ខណៈនោះ​មានឈ្មោះ​ ឌុ​ច​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជា​អ្នក​ជិតខាង​រស់នៅ​ភូមិ​ជាមួយ​ បាន​ចូល​ទៅ​ជួយ​ឃាត់​ ហើយ​ជនសង្ស័យ​បាន​និយាយ​ថា​៖​កុំ​ចេះ​ដឹង​រឿង​ខ្ញុំ​ រួច​ហើយ​ឈ្មោះ​ ឌុ​ច​ ពេជ្រ​ បាន​ដើរ​ចេញ​ ដោយ​បានឃើញ​ជនសង្ស័យ​ កាន់ដំបង​ប៉ុនកដៃ​កូន​ក្មេង​ ប្រហែល​ប្រវែង​១​ម្រ៉ែ​ត​ជាង​ចំនួន​១​កំណាត់​ និង​ ដៃ​ម្ខាង​ទៀត​ កាន់​កាំបិត​ផ្គាក់​ ចំណែកឯ​ស្ត្រី​រង​គ្រោះ​ កាន់​ធុង​ជ័រ​ពណ៌​ក្រហម​ រួច​នាំ​គ្នា​ដើរទៅ​រក​ក្តាម​នៅ​ចំណុច​ វាលស្រែ​ខាងកើត​ភូមិ​បាត់​ទៅ​។​ លុះដល់​វេលា​ម៉ោង​២​ រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​ បាន​ដើរមក​ប្រាប់​ឈ្មោះ​ សន​ សុខ​ឃី​ម​ ភេទ​ស្រី​ ត្រូវជា​ប្អូនបង្កើត​ជន​រង​
​គ្រោះ​ថា​៖​ ទៅ​យក​បង​ហ្អែ​ង​ទៅ​ពេទ្យ​ផង​ ព្រោះ​អញ​វាយ​បាក់ដៃ​នៅ​វាលស្រែ​ខាងកើត​ភូមិ​ ភ្លាម​នោះ​ឈ្មោះ​ សន​ សុខ​ឃី​ម​ បាន​ឆ្លើយ​តប​វិញ​ថា​៖​ ទៅ​មិនកើត​ទេ​ ព្រោះ​យប់​ហើយ​ បន្ទាប់​មក​ ជនសង្ស័យ​ក៍​ដើរ​ចេញ​ទៅ​បាត់​ទៅ​ ។​ លុះ​ព្រឹក​ឡើង​ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ដើរទៅ​ស្រែ​បានឃើញ​សាកសព​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ស្រែ​ ហើយ​បាន​ផ្អើល​ឆោឡោ​ ដល់​ប្រជាពលរដ្ឋ​ជិតខាង​ និង​រាយការណ៍​ប្រាប់​សមត្ថ​​កិច្ច​តែ​ម្ដង​ ។​

​ បន្ទាប់​ពី​សម្ថ​កិច្ច​ជំនាញ​ស្រុក​ បាន​ទទួល​ព័ត៌មាន​ខាងលើ​ ភ្លាម​នោះ​ ក៏​ចុះ​មក​ពិនិត្យ​លើ​ខ្លួន​សាកសព​នៅ​កន្លែង​កើតហេតុ​ រួច​សន្និដ្ឋាន​ថា​៖​ ជនសង្ស័យ​ខាងលើ​បាន​វាយ​ជន​រង​គ្រោះ​ឲ្យ​បាក់ដៃ​ រួច​ហើយ​ជនសង្ស័យ​បាន​​យកដៃ​សង្កត់ក​ជន​រង​គ្រោះ​ និង​កាប់​លើ​ក្បាល​ផ្នែក​ខាងក្រោយ​ជំរៅ​ដល់​លលាដ៍​ បណ្តាល​ឲ្យ​ ជន​រង​គ្រោះ​ស្លាប់​ ។​

​ បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​រួច​ កម្លាំង​ផ្នែក​ជំនាញ​បាន​កសាង​សំណុំរឿង​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ចំណែក​សាកសព​ស្ត្រី​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​ គួរ​បញ្ជាក់​ថា​ ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធ​នាគា​នៅ​ខេត្តកណ្តាល​ពី​បទ​៖​ ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here