នគរបាល​ស្រុក​ពញាឮ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​៧​កញ្ចប់​

0
97

​កណ្ដាល​ ៖​ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ស្រុក​ពញាឮ​ សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​វិហា​លួង​ ធ្វើការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​ក្ខ​ពួក​៣​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់​ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ ថ្ងៃអាទិត្យ​ ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ព្រៃ​បញ្ចុះសព​ ស្ថិត​ក្នុងភូមិ​អំពិល​ដាំទឹក​ ឃុំ​វិហារ​លួង​ ស្រុក​ពញាឮ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​
​មន្ដ្រី​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឃាត់ខ្លួន​បាន​ឈ្មោះ​ ហ៊ី​ន​ សុខ​ហៀ​ង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ រីឯ​ជនសង្ស័យ​២​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​ទី​១/​ឈ្មោះ​ គឿ​ន​ ផា​ន់​ណា​ ហៅ​ឆ្មា​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ និង​ទី​២/​ឈ្មោះ​ កង​ មក​រា​ ហៅ​ជ្រូក​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ ។​ ជនសង្ស័យ​ទាំង​៣​នាក់​ មាន​ទីលំនៅ​ភូមិ​អំពិល​ដាំទឹក​ ឃុំ​វិហារ​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​
​ប្រភព​ដដែល​បន្ដ​ថា​ ជនសង្ស័យ​ខាងលើ​នេះ​ ជា​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ដែល​សមត្ថកិច្ច​នគរបាល​បាន​កំណត់​និង​តាមដាន​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា​ ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួបជុំ​គ្នា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ។​ ភ្លាមៗ​នោះ​ សមត្ថកិច្ច​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ ចុះ​ធ្វើការ​បង្ក្រាប​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ។​
​មន្ដ្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ដ​ ដើម្បី​ចាត់ការ​បន្ដ​តាម​ច្បាប់​ ។​ ដោយឡែក​ជនសង្ស័យ​២​នាក់​ដែល​រត់គេច​ខ្លួន​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​សាវតា​ជាតិ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលា​ផង​ដែរ​ ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here