កំពុងបើកម៉ាស៊ីនច្រូតស្រូវប៉ះចំមីនតោន ផ្ទុះដាច់ច្រវាក់និងអ្នកបើកបររងរបួសធ្ងន់ដាច់ដៃម្ខាង

0
98

បន្ទាយមានជ័យ: បើទោះជាអង្គការកម្ចាត់មីននានា បានខិតខំប្រឹងប្រែងដោះយកកាកសំណល់គ្រាប់រំសេវ បន្សល់ពីសម័យសង្រ្គាមពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងណាក៏ដោយ ឃើញថា កាកសំណល់គ្រាប់រំសេវទាំងអស់នៅមិនទាន់អស់ទាំងស្រុងនៅឡើយ ដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ។

ជាក់ស្តែងកាលពីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច វាលស្រែ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ជនរងគ្រោះម្នាក់បានបើកម៉ាស៊ីនច្រូតស្រូវ ទៅច្រូតស្រូវនៅស្រែបណ្តាលឲ្យជាន់មីនតោនផ្ទុះមួយគ្រាប់ដែលគេសង្ស័យថា បន្សល់ទុកពីសម័យសង្រ្គាម ផ្ទុះកក្រើកភូមិ និងធ្វើឲ្យបុរសនេះ រងរបួសដាច់ដៃស្តាំត្រឹមដើមដៃ និងម៉ាស៊ីនច្រូតដាច់ច្រវាក់ខ្ទេចអស់ខូចខាតស្ទើរទាំងស្រុង ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ជ្រុន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ បើកម៉ាស៊ីនច្រូតស្រូវ រស់នៅភូមិកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។
នៅមុនពេលកើតហេតុនោះ ជនរងគ្រោះបានបើកម៉ាស៊ីនច្រូតស្រូវទំនើបមួយគ្រឿង ទៅច្រូតស្រូវនៅស្រែ ឆ្ងាយពីភូមិ ចម្ងាយប្រហែលេជិត១គីឡូម៉ែត្រ។ ខណៈ កំពុងតែបញ្ជាម៉ាស៊ីន ច្រូតស្រូវសុខៗស្រាប់តែកិនលើមីនតោនមួយគ្រាប់បណ្តាលឲ្យផ្ទុះយ៉ាងខ្លាំងធ្វើឲ្យជនរងគ្រោះរងរបួសដាច់ដៃស្តាំត្រឹមដើមដៃ។ ចំណែកម៉ាស៊ីនច្រូតដាច់ច្រវាក់ខ្ទេចអស់។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានអ្នកភូមិជួយដឹកជញ្ជូនយកទៅ មន្ទីរពេទ្យប្រទេសថៃ ដើម្បីជួយសង្គ្រោះជាបន្ទាន់ភ្លាមៗផងដែរ។ចំណែកឯម៉ាស៊ីនច្រូតស្រូវត្រូវ សមត្ថកិច្ចឲ្យម្ចាស់ រក្សាទុកនៅកន្លែងកើតហេតុដដែលមិនបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅបាននោះទេ ដោយរង់ចាំអង្គការ ស៊ីម៉ាក់ មកត្រួតពិនិត្យនៅកន្លែងកើតហេតុសិន ក្រែងនៅមានគ្រាប់រំសេវមិនទាន់ផ្ទុះជាច្រើនទៀត ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here