បទល្មើសព្រៃឈើកក្រើកឡើងវិញតាមច្រករបៀងខេត្តរតនគិរី តាមរូបភាពដឹកតាមម៉ូតូទៅវៀតណាម

0
97

ខេត្តរតនគិរី ៖   ក្រោយពីគណៈកម្មាធិការជាតិដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកយុទ្ធនាការចុះបង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំធ្វើឲ្យមានភាពស្ងប់ស្ងាត់អស់មួយរយៈនោះ មកដល់ពេលនេះបទល្មើសព្រៃឈើបានកម្រើកវិញហើយ  ។

តាមសេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឲ្យដឹងថា សកម្មភាពបទល្មើសព្រៃឈើបានចាប់កម្រើកឡើងវិញ ដោយឈ្មួញបានធ្វើការដឹកជញ្ជូនឈើប្រណីត តាមម៉ូតូពីដែនដីខេត្តរតនគិរី កម្ពុជា ចូលទៅក្នុង ប្រទេសវៀតណាម នៅតាមច្រករបៀង នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម មួយចំនួន ដូចជា តំបន់ញ៉ាង តំបន់ឡំ ដែលមានច្រករបៀង ច្រកឡំ ច្រកភ្នំក្រហម ច្រកពាមអូរសាថី ច្រកផាសាវ និងច្រកផាតាម ជាដើម។ ច្រករបៀងទាំងនេះ ត្រូវគេដឹងថា បានស្ថិតក្រោមការគ្រប់គ្រង របស់អង្គភាពវរៈសេនាតូច ៦២៣ គ្រប់គ្រងដោយ លោកវរៈសេនីយ៍ បួនសេង សុពិសិដ្ឋ។ អង្គភាពនគរបាលការពារព្រំដែនគោក ៦២៣ ចំណុះស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ដែលមាន លោកឧត្តមសេនីយ៍ទោ យិន ចំណាន ជាស្នងការនគរបាលខេត្តរតនគិរី។

 

ជុំវិញការរងការសង្ស័យ និងចោទថា ច្រករបៀងព្រំដែន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ជាច្រើនកន្លែង កំពុងកើតឡើងបទល្មើស នាំឈើប្រណីតល្មើសច្បាប់នោះ ភ្នាក់ងារយកព័ត៌មានគេហទំព័រ កម្ពុជាខ្ញុំ មិនអាចស្វែងរកការសាកសួរ ពីមេបញ្ជាការវរៈសេនាតូចការពារព្រំដែន លេខ៦២៣ លោកវរៈសេនីយ៍ បួនសេង សុពិសិដ្ឋ បានទេនៅថ្ងៃនេះ ដោយសារគ្មានលេខសម្រាប់ទំនាក់ទំនង។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយយើងនៅតែរង់ចាំការបកស្រាយ ពីលោកមេបញ្ជាការរៈព្រំដែន គ្រប់ពេលវេលា ប្រសិនមានមែនឬមិនមែននោះ ។

យ៉ាងណាប្រជាពលរដ្ឋខេត្តរតនគិរី ពិសេស អ្នកដែលរស់នៅក្នុងស្រុកជាប់ព្រំដែនកម្ពុជា-វៀតណាម ដូចជា ស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស  បានប្រាប់ថាកំពុងកើតមានមែនទាំងផ្លូវច្រករបៀង និងផ្លូវទឹក។ ប្រជាពលរដ្ឋថែមទាំង បានស្នើដល់គណៈកម្មាការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាបើកការត្រួតពិនិត្យបទល្មើសដឹកជញ្ជូនឈើប្រណីតឆ្លងដែនពីកម្ពុជា ចូលទៅប្រទេសវៀតណាមជាថ្មីម្តងទៀត នៅច្រកនានាក្នុងខេត្តរតនគិរីនេះ ថ្វីបើមិនដឹកតាមរថយន្តធំៗក៏ដោយ  ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here