ឃាត់ខ្លួន​ ឌី​ជេ​ ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន​

0
103

 

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ស្ត្រី​ម្នាក់​ជា​ ឌី​ជេ​ (DJ)​ជនជាតិ​វៀតណាម​ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ឃាត់ខ្លួន​ ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​

​ប្រតិបត្តិការ​ខាងលើ​ ធ្វើ​ឡើង​ដោយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​២​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​បញ្ជា​ដោយ​លោក​ ហេង​ ផេង​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៩​និង​៥០​នាទី​ នៅ​ចំណុច​ ផ្ទះ​ជួល​លេខ​ ១៧​ E1​ ផ្លូវ​២៩០​ ក្រុម​ទី​៤៤​ ភូមិ​១០​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​០២​ ខណ្ឌ​បឹង​កេងកង​ ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ផាំង​ ញើ​ស៊ី​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​ ឌី​ជេ​ ។​ ក្នុង​ពេល​ឃាត់ខ្លួន​ សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ក្នុងផ្ទះ​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ –​ ថ្នាំ​គ្រាប់​ពណ៌​លឿង​ស្លេក​ (​ថ្នាំ​គ្រវី​ ចំនួន​ ៤២​ គ្រាប់​ ),​ –​ ថ្នាំ​គ្រាប់​បន្ទះ​ពណ៌​ក្រហម​ ចំនួន​ ០៩​បន្ទះ​ (​ស្មើ​ ៩០​ គ្រាប់​ ),​ –​ ក្រាម​ពណ៌​ស​ ថ្លា​ចំនួន​ ០១​ កញ្ចប់​តូច​,​ –​ ដប​កែ​ច្នៃ​សំរាប់​ជក់​គ្រឿងញៀន​ ចំនួន​ ០១​ ដប​,​ –​ ដែកកេស​ ចំនួន​ ០២​ ដើម​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ខាង​ការិយាល័យ​ជំនាញ​បាន​នាំ​ទៅ​សាកសួរ​ កសាង​សំណុំរឿង​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here