កម្លាំង​ជលផល និងប្រជាពលរដ្ឋដុតកម្ទេចចោលឧបករណ៍នេសាទខុាច្បាប់ដែលបង្ក្រាបបាន

0
98

ខេត្តស្ទឹងត្រែង ៖ បន្ទាប់ពី​កម្លាំង​ជលផល ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​ធ្វើការ​បង្ក្រាប​ និង​ប្រមូល​ឧបករណ៍​នេសាទ​ត្រី​ខុសច្បាប់​ជាច្រើន​នៅពេល​ថ្មីៗ​នេះ ​សមត្ថកិច្ចជំនាញនិងប្រជាពលរដ្ឋបានធ្វើ​ការដុត​បំផ្លាញចោលឧបករណ៍ទាំងនោះ ​ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ​និង​មន្ត្រី​អាជ្ញាធរ​ជាច្រើនផង​ដែរ។

ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង​ លោក​ ទុំ​ នី​រ៉ូ​ បាន​ឲ្យ​ដឹងថា​ ឧបករណ៍​នេសាទ​ខុស​ច្បាប់​ខាងលើនេះ ​ត្រូវបាន​កម្លាំង​ជលផល​ សហការ​ជាមួយ​មន្ត្រី​តាម​មូលដ្ឋាន​ ធ្វើការ​ចុះបង្ក្រាប​នៅ​ពេល​ថ្មីៗ​នេះ ហើយ​នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩  ខណ្ឌ​ជលផល ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​ បាន​រៀបចំ​ធ្វើការ​ដុត​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ទាំងនេះដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ ឃុំ ប៉ុស្តិ៍ ,​សាលាស្រុក​សេ​សាន​ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។

លោក​បាន​បន្តទៀតថា​ ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើនេះ រួមមាន ​ដាយ​ចំនួន​បី​មាត់ ​ដែល​មាន​មុខកាត់​ប្រវែង ៣០ ម៉ែត្រ​ និង​បណ្ដោយ​ប្រវែង ៩០​ម៉ែត្រ ឧបករណ៍​ឆក់​ចំនួន៥គ្រឿង​ ឆក់​ត្រជាក់​ចំនួន៤ គ្រឿង​ និង​ឆក់​ក្តៅ​ចំនួន១គ្រឿង។

យ៉ាងណាក្នុងសកម្មភាពដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នេះប្រជាពលរដ្ឋ​ ដែល​បាន​ចូលរួម​បាន​សាទរ​ទៅលើ​ចំណាត់ការ​របស់​មន្ត្រីជលផល​ដែល​បាន​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​នូវ​ធនធាន​មច្ឆ​ជាតិ ដើម្បី​អភិរក្ស​ពូជ​ត្រី​សំខាន់​សំខាន់​ដែល​នៅ​សេសសល់។ ក្នុងនោះដែរប្រជាពលរដ្ឋបានស្នើ​សុំ​ឲ្យ​មន្ត្រីជលផល​ធ្វើ​ការ​ចុះ​ល្បាត​ឲ្យ​បាន​ញឹកញាប់​ ព្រោះថា​នៅ​ពេលយប់​ជនល្មើស​តែងតែ​ធ្វើ​សកម្មភាព​ឆក់​ត្រី ​ធ្វើឲ្យ​បាត់បង់​នូវ​ធន​ធាន​មច្ឆា​ជាតិ​របស់​យើង​។​

ប្រជា​នេសាទ​ក្នុង​សហគមន៍​បាន​លើកឡើងថា ​ពួកគាត់​បាន​ប្រកប​របរ​នេសាទ​ត្រឹមត្រូវ​តាមច្បាប់​អនុញ្ញាតជាលក្ខណៈគ្រួសារ​របស់​ជលផលណែនាំ​ដើម្បី​រក្សា​ពូជ​ត្រី​ឲ្យ​បាន​នៅ​គង់វង្ស តែ​អ្នក​រកស៊ី​ខុសច្បាប់​ គឺ​ឃើញតែ​នៅ​បន្ត​សកម្មភាព​នេសាទ​ខុសច្បាប់​ដដែល​ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here