យករថយន្តសងគេភ្លេចដកសោទុក ជនសតិមិនគ្រប់ម្នាក់ឃើញឱកាសឡើងបើកទៅបុករបាំងលូថ្មស្លាប់រថយន្តខ្ទេចមុខ

0
94

ខេត្តស្ទឹងត្រែង: ចាត់ទុកជាបទពិសោធន៍មួយសម្រាប់អ្នកមានយានយន្តគ្រប់ប្រភេទគួរតែមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្រោយពេលបើកបរររួច មិនគួរណាភ្លេចដកសោចេញពីយានយន្តនោះទេ ព្រោះវាអាចបង្កហានិភ័យដោយប្រការណាមួយដែលជនឆក់ឱកាសអាចចូលទៅបញ្ឆេះម៉ាស៊ីនយានយន្តទាំងនោះលួចយកទៅបាត់ ឬអ្នកមិនទាន់ចេះបើកបរឡើងទៅបញ្ឆេះជិះបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។

ជាក់ស្តែងដូចករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កឡើងដោយបុរសសតិមិនគ្រប់ម្នាក់ ខណៈប្រទះឃើញរថយន្តអ្នកជិតខាងបានចតចោលដោយភ្លេចដកសោចេញពីរថយន្ត ស្រាប់តែបុរសមានសតិមិនគ្រប់ម្នាក់នេះបានឡើងបញ្ឆេះម៉ាស៊ីនបើកចេញបានប្រហែលជាង២គីឡូម៉ែត្រ ស្រាប់តែបានរេចង្កូតទៅបុករបាំងលូថ្មបបណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ និង ធ្វើឲ្យរថយន្តខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ស្ថិតភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

មន្រ្តីនគរបាល ក្រុងស្ទឹងសែនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែម សេរីវណ្ណ: ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងខេត្តស្ទឹងត្រែង ជាមនុស្សវិកលចរឹត ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មិត្តភក្តិរបស់ម្ចាស់រថយន្តម៉ាក តូយ៉ូតា បាឡែន ពណ៌ទឹកមាសមួយគ្រឿងបានខ្ចីរថយន្តនេះពីឈ្មោះ ប៊ុន ជា(ម្ចាស់រថយន្ត)យកទៅជិះ ហើយបានយកទៅទុកឲ្យវិញនៅផ្ទះរបស់វិញដោយមិនដកសោចេញពីរថយន្តនោះទេខណៈ ម្ចាស់រថយន្តមិននៅផ្ទះជាប់រវល់ការងារនៅឯចម្ការ។ ខណ:នោះឈ្មោះសែម សេរីវណ្ណ: ឃើញរថយន្តគេទុកចោលក៏បើកទ្វារបញ្ឆេះបើកចេញទៅក្នុងល្បឿនលឿន។ តែមិនបានប៉ុន្មាននាទីផងក្នុងចម្ងាយផ្លូវជាង២គីឡូម៉ែត្រក៏ រេចង្កូតបុករបាំងលូថ្មធ្លាក់ចូលប្រឡាយស្នាមភ្លោះបណ្ដាលឲ្យស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុតែម្តង។  ក្រោយមកក៏មានអ្នកភូមិដែលស្គាល់រថយន្តនេះបានទូរស័ព្ទ ប្រាប់ម្ចាស់អំពីដំណើររឿងនេះហើយ ពេលទៅមើលឃើញរថយន្តខ្លួនខ្ទេចខាងមុខអស់រលីងនិងឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ។ បន្ទាប់ក៏រាយការណ៍ទៅសមត្ថកិច្ចជំនាញឲ្យមកជួយធ្វើអន្តរាគមន៍។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញបានចុះដល់ទីតាំង ធ្វើកំណត់ហេតុរួចបាន ប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងស្ទឹងសែនដើម្បីដោះស្រាយតាមច្បាប់៕ សបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here