វែកមុខចោរប្លន់បាញ់សម្លាប់ គូដណ្តឹងនារីម្នាក់ នៅខណ្ឌចំការមន រឹបអូសកាំភ្លើង៣ដើម

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌ​ច្បារអំពៅ បានឃាត់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធពីរនាក់ ដែលតែងធ្វើ​សកម្មភាពប្លន់​កក្រើករាជធានីភ្នំពេញនាពេលកន្លងមក​ ជាពិសេសប្លន់ទូរស័ព្ទដៃពីជនរងគ្រោះ៣នាក់ កាលពីយប់ថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១៧ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយ បាញ់ បុរសជាគូដណ្តឹងស្រីម្នាក់បណ្តាលឲ្យស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។

          ការឃាត់ខ្លួនជនសង្ស័យពីរនាក់នេះ បានប្រព្រឹត្តទៅនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យកំពុងជិះម៉ូតូ។

មន្រី្តនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែល​ឃាត់​​ខ្លួន​បាននេះមាន​ឈ្មោះអ៊ុំ សួស្តី (ហៅអាពៅ ក្បាលធំ ជាជន​ដៃដល់បាញ់ជនរង​គ្រោះ​) និងម្នាក់​ឈ្មោះចាន់ សុវណ្ណ (ហៅប៉ែត) ជាអ្នកជិះម៉ូតូ ។ ជាមួយនេះដែរសមត្ថកិច្ចរឹបអូសវត្ថុតាង មានកាំភ្លើង៣ដើម មានកាំភ្លើងវែងម៉ាកអឹម១៦ មួយដើម​ កាំភ្លើងខ្លីម៉ាក អែរស្តាល់មួយដើម ម៉ាក បេកាតាមួយដើម វិទ្យុទាក់ទង៣ គ្រឿង និងស្លាកលេខម៉ូតូ មួយចំនួន។

បន្ទាប់ពីមានករណី​ចោរប្លន់​បាញ់​បុរស​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​៣​នាក់ (​ដែល​នារី​ម្នាក់​ជា​គូ​ដណ្តឹង​) នៅ​មុខ​ផ្ទះ​ពេល​កំពុង​បើកទ្វារ​នោះ នាយប់​ថ្ងៃ​ទី​២១ មក​រា នៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រួចមក ​មន្ត្រី​នគរបាល​ជំនាញព្រហ្មទណ្ឌ​មួយ​ក្រុមបានចុះ​ទៅ​សួរ​ព័ត៌មាន​បន្ថែម​ពី​ករណី​បាញ់​ប្លន់​បាញ់​យ៉ាង​សាហាវ​នេះតាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​ ទើបឈានដល់ឃាត់ខ្លួនជនដៃដល់ពីរនាក់ និងបក្ខពួកម្នាក់ទៀត កំពុងតាមចាប់ខ្លួននៅខេត្តកណ្តាល  ។

គួររំលឹកថា បុរស​ម្នាក់​រួម​និង​នារី​២​នាក់ ខណៈ​ជិះ​រថយន្ត​ចេញពី​កម្មវិធី​ខួបកំណើត​មិត្តភក្ដិ​នៅ​មជ្ឈមណ្ឌលកោះ​ពេជ្រ​វិញបានបើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ធ្វើ​សកម្មភាព​ប្លន់ និង​បាញ់​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ ​កាលពី​ម៉ោង​០១ និង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ មក​រា ស្ថិត​លើ​ផ្លូវ​២០៧ ភូមិ​៤ ក្រុម​២៦ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជន​រង​គ្រោះ​របួសធ្ងន់ ឈ្មោះ​ចាន់ សុ​ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត ស្នាក់​នៅផ្ទះ​លេខ​១៤A ផ្លូវ​២០៧ សង្កាត់​បឹង​ទំពុន  ខណ្ឌមានជ័យ ។ ២-​ឈ្មោះ​នេ​ត សុធា​រដ្ឋ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ ត្រូវជា​គូ​ដណ្តឹង ជន​រង​គ្រោះ​ទី​១ និង​៣-​ឈ្មោះ​ចាន់ ស្រី​ប៉ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ ។

បើ​តាម​សម្ដី​ជន​រង​គ្រោះ​ត្រូវជា​ប្អូនស្រី​ថា ពួក​គេ​មាន​គ្នា​បី​នាក់​បងប្អូន បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS-300 ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-8799 ចេញពី​ខួបកំណើត​មិត្តភក្ដិ​នៅ​កោះ​ពេជ្រ រួច​ហើយ​បាន​ចូល​ហូប​បបរ​.​ស នៅ​ហាងលឹ​មទ្រី នៅ​ម្ដុំ​ពេទ្យ​ចិន ។

លុះ​ហូប​បបរ​រួច​ហើយ ពួក​គេ​បាន​បន្តដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​បាន​ធ្វើ​ដំណើរ​តាមផ្លូវ លេខ​៤៣០ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួច​ហើយ​បាន​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​២០៧ សំដៅ​ទៅ​ផ្ទះ​របស់​ពួក​គេ។ តែ​ពេល​មក​ដល់​មុខ​ផ្ទះ ពួក​គេ​បាន​ឈប់​រថយន្ត រួច​ចុះ​ពីលើ​រថយន្ត​រថយន្ត​ដើរទៅ​បើកទ្វារ​ផ្ទះ ដោយ​បាន​កាន់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​plus មួយ នៅ​នឹង​ដៃហើយពេល​ក​ពុង​តែ​រៀបចំ​បើកទ្វារ​ផ្ទះចូល ក៏​លេចមុខ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​សង់​ប៊ិ​ច​មួយ​គ្រឿង និង​ម៉ាក​ឃ្លី​កមួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ឈប់ជិត​ជិះ​រថយន្ត ។

ពេល​នោះ ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ម៉ូតូ​ឃ្លី​ក បាន​ចុះ​មក​ដណ្ដើម​យក​ទូរស័ព្ទ​ពី​ដៃ​របស់​នាង ធ្វើឲ្យមានការ ​ប្រតាយប្រតប់គ្នាឡើង។ ស្រប​ពេល​នោះ​ដែរ បងប្រុស​ឃើញ​​​ក៏​ជាន់​ហ្គា​​រ​រថយន្ត​បំ​បុក​ជនសង្ស័យ​ទៅ​ផ្ទប់​ទៅ​ផ្ទះ បណ្ដាល​ឱ្យ​ជនសង្ស័យ​រង​របួស​បន្តិចបន្តួច ។ ចំណែក​គូដណ្ដឹង​​រង​របួស​ក្បាល​សន្លប់​ស្ដូកស្ដឹងដោយសារ​ត្រូវ​រថយន្ត​បុក ។ពេលឃើញ​ហេតុការណ៍​ដូច្នេះ បក្ខពួក​ជនសង្ស័យ​ដែល​ឈប់​រង់ចាំ​នៅ​ម៉ូតូ បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក បាញ់​សំដៅ​បងប្រុស​របស់​ដែល​នៅ​ក្នុង​រថយន្ត​ចំនួន​៥​គ្រាប់​ផ្ទួន​ៗ ធ្វើ​ឱ្យ​បងប្រុស​របស់​គេ​ត្រូវ​ចំនួន​៤​គ្រាប់ បណ្តាល​ឱ្យ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ហើយបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ​បានតែបន្តិច ។បន្ទាប់មកជនសង្ស័យ​បាននាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​បាត់​ស្រមោល ដោយ​បាន​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​ម៉ាក iPhon 6plus មួយ​គ្រឿង ទៅ​ជាមួយ​ផង​ដែរ  ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *