បើករថយន្តឆ្លងដជាន់ហ្គារច្រឡំធ្លាក់ទឹកស្លាប់ម្នាក់ ៣នាក់ទៀសង្រ្គោះទាន់

0
94

ខេត្តកណ្ដាល: ស្រ្តីវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតគ្រាដែលជិះក្នុងរថយន្តឆ្លងទូកដបណ្តាលឲ្យអ្នកបើកបរស្ទើរភ្លើងជាន់ហ្គារច្រឡំធ្វើឲ្យរថយន្តធ្លាក់ពីលើកាណូត ហើយស្រីរូបនេះបានឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ឯមនុស្ស៣នាក់ទៀតត្រូវបានគេសង្រ្គោះស្រង់ពីទឹកទាន់ ។

ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ៨ និង ១០នាទីយប់ ថ្ងៃ អង្គារ ១៤កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចកំពង់ចម្លងផ្សារស្អាងព្រែកតូច ស្ថិតភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាលបានឲ្យដឹងថា ជនរងគ្រោះចំនួន ៤នាក់៖
១/ឈ្មោះ ម៉ា ពន្លក ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មន្ត្រីរាជការក្រសួងផ្នែកហិរញ្ញវត្ថុ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
២/ឈ្មោះ កិច ទៀង ភេទស្រី អាយុ ៧១ ឆ្នាំ រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់)។
៣/ឈ្មោះ ពៀ អៀម ភេទស្រី អាយុ ៧០ ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។
៤/ឈ្មោះ អឿន វីន ភេទប្រុស អាយុ ៣៦ ឆ្នាំមុខរបរ បើកទូកដ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាហៃយ៉ាស់ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9542 បើកបរដោយឈ្មោះ ម៉ា ពន្លក បានដឹកមនុស្សចំនួន៨នាក់ចេញពីព្រះវិហារចិនទៅឆ្លងដផ្សារស្អាងព្រែកតូច ក្នុងគោលបំណងត្រឡប់ទៅផ្ទះនៅក្រុងតាខ្មៅតាមផ្លូវជាតិលេខ២១ ខណ:មកដល់កំពង់ចម្លងបានរង់ចាំទូកដ ដោយមានអ្នកដំណើរមួយចំនួនចុះពីរថយន្ត តាមបំរាមនិងការណែនាំរបស់ម្ចាស់ទូក។ ប៉ុន្តែមានអ្នកដំណើរ២នាក់មិនបានចុះទេ បន្ទាប់មករថយន្តក៏បើកចុះផែឡើងទូកស្រាប់តែអ្នកបើកបរច្រឡំជាន់ហ្គារជ្រុលទៅប៉ះកម្មករបើកទូកដកំពុងស៊ីញ៉ូរថយន្ត ធ្លាក់ចូលទឹកទាំងមនុស្សនិងរថយន្តតែម្ដង រំពេចនោះម្ចាស់ទូកនិងអ្នកស្រុកនាំគ្នាមុជទឹកចុះជួយសង្គ្រោះបានមនុស្ស៣នាក់រួមជាមួយកម្មករទូកដម្ណាក់ផង។ ចំណែកឈ្មោះ កិច ទៀង ទម្រាំសង្គ្រោះបានក៏ឈ្លក់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here