បង្ក្រាប​ឃាត់ខ្លួន​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​២​នាក់​ នៅ​ខេត្តឧត្តរមានជ័យ​

0
104

​ឧត្តរមានជ័យ​ ៖​ គ្រឿងញៀន​ចំនួន​៨​ដុំ​ធំ​ ស្មើនឹង​ទម្ងន់​ ៧.៩៧៩,៥៦​ក្រាម​ រួម​និង​ជនសង្ស័យ​ចំនួន​២​នាក់​ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ អនុវត្ត​តាម​បញ្ជា​របស់​ឯកឧត្តម​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ និង​លោក​ ឡឹ​ក​ វណ្ណ​:​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ស្រាវជ្រាវ​បង្ក្រាប​និង​ចាប់ខ្លួន​បាន​ ខណៈ​ដែល​កំពុង​ធ្វើ​សកម្មភាព​ ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ ចូល​មក​ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ​ ។​

​ប្រតិបត្តិការ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០​ ខែ​ ធ្នូ​ ឆ្នាំ​២០១៩​ កម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ «​ក​៩»​ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ ញៀន​ឆ្លង​ដែន​ពី​ថៃ​មក​កម្ពុជា​ (​ឆ្លងកាត់​តាម​ច្រកព្រំដែន​អូ​ស្មាច់​)​ ដោយ​មានការ​ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ ប៉េង​ ម៉េ​ង​គ័ង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ នៅ​ចំណុច​ ផ្លូវជាតិ​លេខ​៦៨​ ស្ថិត​នៅ​ភូមិ​អូរ​ពក​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្ត​ ឧត្ដរមានជ័យ​។​

​ជនសង្ស័យ​ទាំង​២​នាក់​ ដែល​ឃាត់​បាន​រួម​មាន​៖​ទី​១-​ឈ្មោះ​ ប្រាក់​ ស៊ុប​ ជនជាតិ​ថៃ​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ប្រាសាទ​ ស្រុក​កាប់​ជើង​ ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ទី​២-​ឈ្មោះ​ ណាត​ ថា​ភុ​ន​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ថៃ​ មុខរបរ​ ជាង​ជួសជុល​រថយន្ត​ រស់នៅ​ភូមិ​ប្រាសាទ​ ស្រុក​កាប់​ជើង​ ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ។​

​ដោយឡែក​វត្ថុ​តាង​ជា​សារធាតុ​ញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ចំនួន​ ០៨​ ដុំ​ ធំ​ ស្មើនឹង​ទម្ងន់​ ៧.៩៧៩,៥៦​ក្រាម​ និង​រថយន្ត​០១​គ្រឿង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ សមត្ថកិច្ច​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ប្រគល់​ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ បន្ត​ទៅ​តុលាការ​តាម​នីតិវិធី​ ៕​ កូន​នាគ​

LEAVE A REPLY

Please enter your comment!
Please enter your name here