ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងប្រព្រឹត្តល្បែងស៊ីសង (បញ្ជល់មាន់) មួយកន្លែងកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ការចុះបង្ក្រាបទីតាំងប្រព្រឹត្តល្បែងស៊ីសងបញ្ជល់មាន់ខាងលើនេះ ដឹកនាំដោយលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខនិង ក្រោម ការសម្របសម្រួលពី លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោក ម៉ក់ ហុង បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោកបានឃាត់ ខ្លួនជនសង្ស័យបាន១៤នាក់ ក្នុងនោះមានស្រីម្នាក់ និងដកហូតមាន់ជល់៩ក្បាល , ម៉ូតូ១គ្រឿងម៉ាកហុងដា ពាក់ស្លាកលេខភ្នំពេញ1DF-3266 , ប្រាក់រៀលចំនួន១,១០៥,០០០រៀល , ប្រាក់ដុល្លារចំនួន ២,៦០០ដុល្លារ និងវត្ថុតាងជាច្រើនទៀត ។ ក្រោយការឃាត់ខ្លួន កម្លាំងនគរបាលខណ្ឌបាននាំជនសង្ស័យ រួមជាមួយវត្ថុតាង បញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕អូន ធួក
