យកគោចងឲ្យស៊ីស្មៅ ឃាតកមិនស្គាល់មុខវាយសម្លាប់ស្អែកឡើងបានដឹង

0
94

ខេត្តក្រចេះ៖ មានករណីឃាតកម្មមួយ បន្ទាប់ពីនៅព្រឺកថ្ងៃ សុក្រ ២រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៩ នៅចំណុចវាលក្បូន ភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គេឃើញសពស្ត្រីម្នាក់ស្លាប់ដោយគេវាយសម្លាប់នៅព្រៃឆ្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ ។

លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ករណីនេះបើតាមការសន្និដ្ឋានបឋម គឺជាករណីឃាតកម្មសម្លាប់ ដែលកើតឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូ តែទើបត្រូវបានគេប្រទះឃើញនៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩ នេះ។
លោកអធិការបន្តថា ស្រ្តីរងគ្រោះឈ្មោះ ឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំ មានប្ដីមានកូនម្នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មានក្មេងស្រីម្នាក់ឈ្មោះ ថៃ វ៉ារី អាយុ៦ឆ្នាំ បានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ អាយុ៤៧ឆ្នាំ ត្រូវជាអ៊ំបង្កើតខ្លួនថា ឪពុកខ្លួន ប៊ុន ផេង ទៅដឹកអុសបាត់ ខណៈម្តាយដឹកគោទៅក្រោយផ្ទះដែរ តែមិនឃើញត្រឡប់មកវិញ។ ករណីនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ដល់ក្រុមគ្រួសាររហូតដល់ម៉ោងប្រហែល ៦ល្ងាច នាំគ្នាដើរកតែរកមិនឃើញ។ លុះដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក៏ប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ក្នុងព្រៃមានស្ពាយកាបូប នៅខាងក្រោយផ្ទះប្រហែលជា ១៥០ម៉ែត្រ ក៏បង្កការភ្ញាក់ផ្អើលតែម្តង ។
តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ពេលពិនិត្យសាកសពឃើញមានស្នាមវាយនិងវត្ថុរឹង ដែលមានស្លាកស្នាមជាំពោរធ្គាមសងខាង ពោរចង្ការបែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំដើមទ្រូង ហើយ ក្រោយពីការពិនិត្យពីមន្រ្តីជំនាញរួចសមត្ថកិច្ចបានប្រគល់សពស្រ្តីរងគ្រោះ ឲ្យសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណី។
ក្នុងអំពើឃាតកម្មវាយសម្លាប់នេះ កម្លាំងនគរបាល ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បាននិងកំពុងបើកការស្រាវជ្រាវដុតដៃដុតជើងតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសឲ្យបាន ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here