កំពុងដោះស្លាកលេខម៉ូតូដែលទើបលួចបាន សមត្ថកិច្ចទៅដល់ក្របួចជាប់

0
123

ខេត្តកណ្ដាល:  សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចបានម៉ូតូមួយគ្រឿងហើយកំពុងដោះស្លាកលេខទុក ធ្វើឲ្យសមត្ថកិច្ចសង្ស័យចូលទៅសាកសួរទើបជនសង្ស័យសារភាពថា ម៉ូតូនេះគេលួចពីអ្នកស្គាល់គ្នាតាមហ្វេសប៊ុក ។

ការឃាត់ខ្លួនជនសង្ស័យរូបនេះប្រព្រឹត្តទៅ កាលពីវេលាម៉ោង ៣ និង ៤០នាទីរសៀល ថ្ងៃ ចន្ទ ៥រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចដីឡូត៍ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គីម សុធី ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិមុខរបរមិនពិត ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមាន ម៉ូតូម៉ាកហុងដា ស្គូពី ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១៥ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CM-0491 មានលេខតួនិងលេខម៉ាស៊ីន8002180 និងកាបូបខោអាវចំនួន១ ។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីវេលាម៉ោងកើតហេតុ កម្លាំងជំនាញបានចុះល្បាតនៅចំណុចកើតហេតុខាងលើស្រាប់តែ ប្រទះឃើញជនសង្ស័យរូបនេះកំពុងអើតឡឺមៗ ហើយដោយមានការសង្ស័យក៏ចូលទៅមើលឃើញជនសង្ស័យកំពុងធ្វើសកម្មភាពដោះស្លាកលេខម៉ូតូចេញពីម៉ូតូ។ ពេលឃើញដូច្នេះក៏ហៅសួរនាំហើយភ្លាមនោះជនសង្ស័យសារភាពថា ខ្លួនបានខ្ចីម៉ូតូមិត្ត្តភក្តិ ពីឈ្មោះ ភាព ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ នៅម្ដុំពោចិនតុង តាំងពីថ្ងៃទី១៥ ធ្នូឆ្នាំ២០១៩ មកម្ល៉េះ។ ខ្លួនមិនស្គាល់កន្លែងស្នាក់នៅមិត្តភក្តិនេះទេគ្រាន់តែលេងឆាតជាមួយគ្នាប៉ុណ្ណោះ ហើយខ្ចីយកមកជិះតែជ្រុះស្លាកលេខទើបខ្លួនគេដោះទុកបណ្តោះអាសន្ន ហើយមិនទាន់ដោះទុកស្រួលបួលផង សមត្ថកិច្ចមកដល់ឃាត់ខ្លួនគេតែម្តង  ។

យ៉ាងណាសមត្ថកិច្ចអះអាងថា នេះគ្រាន់តែជាចម្លើយដោះបន្ទុកបន្ទុកប៉ុណ្ណោះ ការពិតជនសង្ស័យបានប្រព្រឹត្តអំពើចោរកម្មប្រាកដណាស់ដូច្នេះសមត្ថកិច្ចជំនាញត្រូវតែកសាងសំណុំរឿងចាត់ការតានីតិវិធី ។ ជាមួយនេះដែរសមត្ថកិច្ចក៏បានអំពាវនាវដល់ម្ចាស់ម៉ូតូ បើបានដឹង និងស្គាល់ម៉ូតូខ្លួនឯងដូចភិនភាគខាងលើហើយ សូមយកឯកសារម៉ូតូមកទទួលយកម៉ូតូនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលកុំបីខាន ៕ អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here