ចាប់ខ្លួនក្រុមចាប់ជំរិតយកប្រាក់ និងជួញដូរអាវុធ ៧នាក់ ដកហូតកាំភ្លើងវែង ខ្លី៥ដើម និងគ្រាប់ជាង ២០០គ្រាប់

0
88

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះថា  ប្រតិបត្តិការដ៏ក្ដៅគគុកជាបន្ដបន្ទាប់មួយ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ផងដែរ ។

ប្រតិបត្តិការនេះកម្លាំងរបស់លោក ចាប់ខ្លួនជនសង្ស័យជាជនជាតិចិន៧នាក់  ហើយត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងនាំចូលអាវុធដោយខុសច្បាប់ នៅខេត្តព្រះសីហនុ។ ជោគជ័យក្នុងប្រតិបត្តិការនេះគឺមានកីច្ចសហការពី កម្លាំងនគរបាលជំនាញដែលបានបន្ដស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ៧នាក់ បន្ថែមទៀត ក្នុងនោះជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ពាក់ព័ន្ធករណីនេះ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៩ ដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង ដោយចាប់បានជាបន្តបន្ទាប់សរុបចំនួន៧នាក់ បន្ថែមទៀត (ជនជាតិខ្មែរ៤នាក់,ជនជាតិចិន៣នាក់ ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាង កាំភ្លើង៥ដើម (កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត។

វត្ថុតាងចាប់យកបានរួមមាន៖ កាំភ្លើងវែង AK47 ១ដើម, កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ), តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) ម៉ាស៉ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។

លោកស្នងការបញ្ជាក់ទៀតថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យ ជនជាតិចិនចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ ករណីចាប់បង្ខាំងមនុស្សខុសច្បាប់, ផ្តល់ ទីតាំងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ និងនាំចូលអាវុធ ដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម, កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ។

មកដល់ពេលនេះជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់រួចហើយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here