ប្រចណ្ឌតាអាយុ៦០ឆ្នាំ វាយនឹងសាងចាក់ត្រីរបួសធ្ងន់នគរបាលឃាត់ខ្លួន

0
88

ខេត្តសៀមរាប:  មានករណីហិង្សាមួយកើតឡើង កាលពីវេលាម៉ោ ៥ និង ៣៥នាទីល្ងាច ថ្ងៃ ចន្ទ ៥រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩  នៅភូមិតាំងយូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដោយសារជនសង្ស័យវាយព្រោះយល់ច្រឡំថា ជនរងគ្រោះស្រលាញ់ប្រពន្ធរបស់ខ្លួន ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកក្រឡាញ់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ន ធឿយ ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរ កសិករ ។ ចំណែកជនសង្ស័យឈ្មោះ នាម ចែល ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កសិករ ។ អ្នកទាំង២មានទីលំនៅភូមិ/ឃុំខាងលើជាមួយគ្នា ។

សាក្សីបាននិយាយប្រាប់សមត្ថកិច្ចជំនាញថា នៅវេលាកើតហេតុ ជនរងគ្រោះកំពុងតែទម្លាក់កណ្ដាប់ស្រូវពីលើគោយន្តនៅមុខផ្ទះរបស់ខ្លួន។ បានមួយសន្ទុះស្រាប់តែជនសង្ស័យបានយកសាងសម្រាប់ចាក់ត្រីវាយទៅលើជនរងគ្រោះចំនួន៣ដង បណ្ដាលឲ្យរបួសធ្ងន់ បន្ទាប់គ្រួសារក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យមកជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកក្រឡាញ់ ជនសង្ស័យបានសារភាពថា  ដោយសារខ្លួនគិតថាជនរងគ្រោះស្រឡាញ់ប្រពន្ធខ្លួន ហើយខ្លួនប្រចណ្ឌពេកក៏តាមវាយជនរងគ្រោះជាការព្រមានតែម្តងទៅ ។ ចំណែកជនរងគ្រោះបានឲ្យដឹងថា ខ្លួនគាត់មិនដឹងអីទេ ម៉េចក៏ជនសង្ស័យប្រចណ្ឌគ្មានទំនងយ៉ាងនេះ ? ។

យ៉ាងណា ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង(សាងចាក់ត្រី) យកទៅសាកសួរហើយកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here