


ខេត្តកណ្ដាល៖ បុរស២នាក់ជិះរថយន្តមួយគ្រឿងសង្ស័យងងុយដេករ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឲ្យក្រឡាប់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨:០០នាទីល្ងាចថ្ងៃទី៣០ខែមករាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២៦១ក្នុងភូមិព្រែកឬស្សីឃុំសំបូរមាសស្រុកមុខកំពូល។
ជនរងគ្រោះឈ្មោះរ័ត្នមុនីភេទប្រុស អាយុ៣២ឆ្នាំ (អ្នកបើកបរ)និងអ្នករួមដំណើរម្នាក់ទៀតមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះរថយន្តមួយគ្រឿងម៉ាកស្តារិចពណ៌កណ្ដុប្រមេះ ពាក់ផ្លាកលេខភ្នំពេញ2AG2250ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២៦១ក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលអោយបាក់សង្កត់ពីលើរថយន្តថែមទាំងក្រឡាប់ផ្ងារជើងរងរបួសធ្ងន់។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ចំណែកឯរថយន្តត្រូវបានកម្លាំងនគរបាលមូលដ្ឋានហៅរថយន្តស្ទូចមកយកទៅរក្សាទុកនូវអធិការដ្ឋានស្រុកមុខកំពូលរងចាំការដោះស្រាយពេលក្រោយ៕សារ៉េត