




ភ្នំពេញ ៖ នារីដ៏ស្រស់ស្អាតម្នាក់ចេញពីផឹកស៊ីស្រវឹងស្រាបើករថយន្តទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយបុរស២នាក់រងរបួសធ្ងន់ រួចជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបាក់ទ្វារនិងបុករថយន្តមួយគ្រឿងដែលចតទុកក្នុងផ្ទះរងការខូតខាតយ៉ាងដុំណុំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ឈានចូលថ្ងៃទី៣០ខែមករាឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ២០៧លើផ្លូវបេតុងវត្តអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
អ្នកបើកបររថយន្តបង្កហេតុឈ្មោះ ពៅ សុបញ្ញាណាផាអាយុ២២ឆ្នាំមុខរបរបុគ្គលិកក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្នាក់នៅផ្ទះលេខ៤៦Eoផ្លូវលេខ១១០ក្រុម៥សង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោក ដោយបើកបររថយន្តម៉ាក ហាយឡែនឌឺពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-8963 ។រីឯបុរស២នាក់រងរបួសធ្ងន់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកឯរថយន្តរបស់ម្ចាស់ផ្ទះខូចខាតម៉ាក ឡិចស៊ីសពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 1AN-1646 ។
តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដារស្កុបពីពណ៌សលាយផ្កាឈូក ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងអង្គតាមិញក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុគេឃើញរថយន្តមួយគ្រឿងបើកបរដោយនារីស្រវឹងជោគជាំម្នាក់មកពីក្រោយស្របទិសគ្នា ក្នុងល្បឿនលឿនស្រាប់តែរ៉េចង្កូតមកស្តាំដៃទៅបុកពីក្រោយម៉ូតូពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់ ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលបុកទ្វារផ្ទះលេខ២០៧ និងទៅប៉ះរថយន្តរបស់ម្ចាស់ផ្ទះម៉ាកឡិចស៊ីសដែលចតទុកក្នុងផ្ទះរងការខូចខាតយ៉ាងដំណុំ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយក្លីនិកឯកជន រស្មី ដឹកទៅសង្គ្រោះ
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពិនិត្យនៅកន្លែង រួចប្រគល់អោយជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះព្រមទាំងម៉ូតូរបស់ជនរងគ្រោះ ថែមទាំងឃាត់នារីបើកបរទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បី ធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕សារ៉េត