ធ្លាយប្រេងម៉ាស៊ូតជាង៣០០០លីត្រពីស្ថនីយ៍ ប្រជាពលរដ្ឋសប្បាយដងដាក់ប៊ីដុងយកទៅប្រើប្រាស់

0
100

ខេត្តព្រះសីហនុ ៖ លោក លី រ័ត្ន ម្ចាស់ស្ថានីយប្រេង LHR មួយកន្លែងនៅជាប់នឹងសួនច្បាររង្វង់មូលវាលរេញ ចម្ងាយពីទីតាំងដែលអ្នកស្រុកដងប្រេង ប្រមាណជាង៣០០ម៉ែត្រ ប្រាប់សមត្ថកិច្ចថា ប្រេងម៉ាស៊ូត មានចំណុះប្រមាណជាង៣.០០០លីត្រ បានធ្លាយចេញពីស៊ីទែនដែលស្តុកនៅក្នុងស្ថានីយ ដោយសារបញ្ហាខុសបច្ចេកទេស ។ ក្រោយពីមានការធ្លាយ ក្រុមការងារស្ថានីយបានបិទស៊ីទែននោះ ត្រឹមត្រូវវិញជិតហើយ ។
យ៉ាងណាក្នុងករណីនេះអ្នកភូមិច្រើននាក់មានប្រុសមានស្រី បាននាំគ្នាពពាក់ពពូនទៅដងយកប្រេងម៉ាស៊ូត ដែលហូរចូលប្រឡាយស្របតាមផ្លូវជាតិលេខ៣ ជិតទីប្រជុំជនវាលរេញ ក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ នៅវេលាម៉ោង១១ព្រឹកថ្ងៃ២៩ ធ្នូ ឆ្នាំ២០១៩ ខណៈដែលស៊ីទែនផ្ទុកប្រេងក្នុងស្ថានីយខាងលើបានធ្លាយហូរចូលប្រឡាយ ។
បើតាមសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកដែលចុះទៅពិនិត្យកន្លែងនោះបានបញ្ជាក់ថា ប្រេងនេះបានធ្លាយចេញពីស៊ីទែន ក្នុងស្ថានីយប្រេង LHR មួយនៅជាប់នឹងសួនច្បាររង្វង់មូលវាលរេញ ចម្ងាយពីទីតាំងដែលអ្នកស្រុកដងប្រេងនេះ ប្រមាណជាង៣០០ម៉ែត្រ ។
ដោយសារតែប្រេងមានចំនួនច្រើន អ្នកស្រុកកាន់តែច្រើនទៅៗ បាននាំគ្នាដងដាក់ធុង ដាក់ប៊ីដុងប្រមាណជាជិត៣ម៉ោងទើបមានការស្រាកស្រាន្ត ដោយក្នុងនោះអ្នកនៅជិតដងបានច្រើន ខ្លះបានរហូត២០ប៊ីដុងចំណុះ១ប៊ីដុង៣០លីត្រ និងខ្លះទៀតបានដងដាក់ធុងទឹកជ័របានជាច្រើនផងដែរ ។ ស្ថានភាពនេះ មិនប៉ះពាល់អ្វីឡើយព្រោះប្រេងនោះហូរតាមប្រព័ន្ធបង្ហូរទឹករបស់ស្ថានីយធ្លាក់ ចូលមកតាមប្រឡាយទឹក ស្របតាមផ្លូវជាតិលេខ៣ ដែលដំបូងៗម្ចាស់ស្ថានីយអត់ដឹងទេ ។
លោកអធិការបន្តថា ករណីនេះធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលនាំគ្នាភ្លូកទឹកភ្លូកដីទៅដងទើបដឹងដល់ម្ចាស់ស្ថានីយ ដែលជាដំបូងផ្អើលតែអ្នកដែលនៅជាប់នឹងប្រឡាយ នាំគ្នាដងទើបល្បីផ្អើលដល់មនុស្សជាទូទៅយ៉ាងគគ្រឹកគគ្រេង ។
ទោះជាយ៉ាងនេះក្តី ទាំងសមត្ថកិច្ចនិងទាំងម្ចាស់ស្ថានីយប្រេង មិនមានការហាមឃាត់អ្នកដែលផ្អើលនាំគ្នាទៅដងប្រេងនេះឡើយ ដោយគ្រាន់តែណែនាំឱ្យប្រុងប្រយ័ត្នខ្លាចមានអគ្គិភ័យប៉ុណ្ណោះ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here