ប្តី​កាប់​ប្រពន្ធ​និង​កូនស្រី​រង​របួសធ្ងន់​ ដោយសារ​តែ​ចាក់​បទ​ចម្រៀង​កម្សត់​ពេក​

0
129

​កោះកុង​ ៖​ ស្ត្រី​ម្នាក់​ និង​កូនស្រី​អាយុ​១១​ឆ្នាំ​ រង​នូវ​ការ​កាប់​ប្រហារ​ពី​ប្តី​របស់​ខ្លួន​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ចាក់​បទ​ចម្រៀង​មាន​អត្ថន័យ​កម្សត់​ពេក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​បុរស​ជា​ប្តី​ដែល​ម្តាយ​ទើបតែ​ស្លាប់​ ។​

​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នា​វេលា​ម៉ោង​៣​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ខារ៉ាអូខេ​សព​យុទ្ធ​ជន​ ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​ដៃដល់​ជា​ប្តី​ឈ្មោះ​ អៀង​ ប៊ុ​ន​យឿ​ន​ (​ហៅ​តុលា​)​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​យក​កាំបិតប៉័ងតោ​កាប់​លើ​ប្រពន្ធ​ឈ្មោះ​ ថូ​ សុខ​ណា​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​បើក​ខារ៉ាអូខេ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ និង​កូន​ឈ្មោះ​ ឈ្មោះ​ ទុំ​ សោភា​ ភេទ​ស្រី​ អាយុ​១១​ឆ្នាំ​ មុខរបរ​សិស្ស​ រង​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ ទាំង​ពីរ​នាក់​ ។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង​ ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​៤៨​ ប៉ុស្តិ៍​តា​តៃ​ក្រោម​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះជា​ប្រពន្ធ​បាន​ឲ្យ​ប្តី​ចាក់​បទ​ចម្រៀង​ (​អ្នក​ម្តាយ​កំសត់​)​ ដើម្បី​ច្រៀង​លេង​ ហើយ​ Live​ តាម​ទូរស័ព្ទ​ តែ​ជនសង្ស័យ​ជា​ប្តី​មិន​ព្រម​ឲ្យ​ចាក់​បទ​នេះ​ទេ​ ដោយសារ​តែ​ម្តាយ​ទើបតែ​ស្លាប់​ នាំ​ឲ្យ​ពិបាកចិត្ត​ហើយ​យំ​ តែ​ប្រពន្ធ​នៅ​តែ​បន្ត​ចាក់​ ទើប​ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​របួស​បែប​នេះ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវ​បាន​បាន​ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ ក្រុង​ខេមរភូមិន្ទ​ ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here