


ភ្នំពេញ ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តយ៉ាងលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូដាច់ជើង និង បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១៖០៧នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉ូឡា ពណ៌ស្លែមួយគ្រឿងធ្វើដំណើរបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណតាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុរថយន្តបានបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូផ្លោងជាច្រើនម៉ែត្រពីកន្លែងកើតហេតុ ហើយរថយន្តក៏បានហោះផ្លោងក្រឡាប់ផ្ងារកង់ឡើងលើបណ្ដាលអោយជនរងគ្រោះជាបើកបរម៉ូតូស្លាប់និងអ្នកបើកបររថយន្តបង្កហេតុរងរបួសធ្ងន់។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ។ចំណែកឯសាកសពជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋានស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត