
ភ្នំពេញ៖ជនសង្ស័យចំនួន២នាក់តែងតែធ្វើសកម្មភាពលួចឆក់យ៉ាងសកម្មពាសពេញភ្នំពេញអស់លក្ខណ៍ជាប់អន្ទាក់នគរបាលខណ្ឌទួលគោកចាប់ឃាត់ខ្លួនយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ហេតុការណ៍បង្ក្រាបនេះបានកើតឡើងកាលពីវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវ២៦១សង្កាត់ទឹកល្អក់២ខណ្ឌទួលគោក។
ជនសង្ស័យទី១)ត្រូវបានគេស្គាល់ឈ្មោះ សុវណ្ណ ដារ៉ូ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិប៉ប្រក់ខាងជើងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យនិងទី២)ឈ្មោះ ចាន់ សិទ្ធិរាជ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។ដោយប្រើមន្យោបាយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ ១១០ សេរី២០១០ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1BE6690។ចំណែកឯជនរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេអាយុប្រហែលជាង៤០ឆ្នាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវកើតហេតុខាងលើ។លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកអែបស្ត្រីជនរងគ្រោះរួចធ្វើសកម្មភាពលួចឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះរត់គេចខ្លួន។បន្ទាប់មកជនរងគ្រោះស្រែកផ្អើលឆោឡោ ខណៈនោះកម្លាំងនគរបាលមូលដ្ឋានកំពុងតែល្បាតប្រទះឃើញជនសង្ស័យធ្វើសកម្មភាពលួចឆក់ដូច្នោះក៏ដេញតាមចាប់រហូតដល់ឃាត់ខ្លួនបានយកមកសាកសួរនៅអធិការខណ្ឌទួលគោក។
ក្រោយពីកើតហេតុជនរងគ្រោះពុំបានដាក់ពាក្យបណ្ដឹងនោះទេ ដោយអោយកម្លាំងនគរបាលខណ្ឌទួលគោកចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបាននគរបាលខណ្ឌទួលគោកឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីកសាងសុំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត