កម្លាំងចម្រុះចុះផ្អាកការសាងសង់សំណង់ចិនដែលពុំមានច្បាប់និងធ្វើឲ្យប្រេះស្រាំផ្ទះប្រជាពលរដ្ឋ៣គ្រួសារ

0
91

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរនិងសមត្ថកិច្ចជំនាញចម្រុះ បាន​ចុះ​ហាមឃាត់​ការ​សាងសង់​សណ្ឋាគារ តា​ហ៊័​រ ជា​បណ្តោះអាសន្ន ទីតាំង​ការដ្ឋាន​ចិន​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ ក្នុងភូមិ​០៣​សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​នា​ព្រឹកថ្ងៃ ព្រហស្បត៍ ១៥ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ បន្ទាប់​ពិនិត្យ​ឃើញ​ថា ការដ្ឋាន​មួយ​នេះ​ពុំ​ទាន់​មានច្បាប់​សាងសង់​គ្រប់គ្រាន់​ហើយ​បាន​ធ្វើ​ឲ្យផ្ទះ​ប្រជាពលរដ្ឋ ក្បែរ​នោះ​ចំនួន​៣​ផ្ទះខ្នង​រង​ការ​ខូចខាត​ជា​អន្លើ​ៗ​។

ក្នុងករណីក្រុមការងារ​ចម្រុះចុះ​ហាមឃាត់​ការដ្ឋាន​សំណង់​ជនជាតិ​ចិន​ជា​បណ្តោះអាសន្នខាងលើ​នេះ ត្រូវ​បាន​លោក ជួប សីហា ប្រធាន​ការិយាល័យ​សំណង់​ក្រុងព្រះសីហនុ បាន​គូសបញ្ជាក់​ថា បន្ទាប់​ពី​ទទួល​ព័​ត៌មាន​តាម​ខ្លឹមសា​បណ្តឹង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣​ផ្ទះ​ក្រុមការងារ​ចម្រុះ ដោយ​មាន​កិច្ចសហការ​ជាមួយ​មន្ត្រី​ពាក់​ព័​ន្ឋ​ជា​ច្រើន​រូប​បាន​ចុះ​មក​ដល់ទី​តាំង​ទំនាស់ និង​បាន​ពិ​និ​ត្យ​ជាក់ស្តែង ដើម្បី​ស្វែងរក​ដំណោះស្រាយ ​។

 

លោកជួប សីហា បានបន្តថា ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​ចម្រុះ​បាន​ពិនិត្យ​ឃើញ​ថា ការដ្ឋាន​សាងសង់​របស់​សណ្ឋាគារ តា​ហ៊័​រ ដែល​មាន​ទីតាំង​ការ​ដ្នា​ន​ចិន​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ ក្នុងភូមិ​៣​សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​សាងសង់​រួចរាល់​ចំនួន​៣​ជាន់​ក្នុង​ចំណោម​១២​ជាន់​នោះ ពុំ​ទាន់​មានច្បាប់​គ្រប់គ្រាន់ ក្នុង​ការ​សាងសង់ ហើយ​បាន​យក​ចំណី​ផ្លូវ​សាធារណៈ​ដាក់​សម្ភារៈ​ផ្ទាល់​ក្រុមហ៊ុន មិន​ត្រឹមតែ​ប៉ុណ្ណោះ​បាន​ធ្វើ​ឲ្យមានការ​ប្រេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​នៅក្បែរនោះផង​ដែរ​។ដោយហេតុនេះហើយ ទើប​ក្រុមការងារ​ចម្រុះ​សម្រេច​ផ្អាក​ការ​សាងសង់​ជា​បណ្តោះអាសន្ន រង់​ចាំ​ការ​ដោះស្រាយ​វិវាទ​ត្រូវ​បាន​បញ្ចប់ និង មានច្បាប់​អនុញ្ញាត្តិ​ឲ្យបាន​ត្រឹម​ត្រូវជា​មុន​សិន ពោលបានន័យថា ត្រូវ​អនុវត្ត​ន៍ទៅ​តាម​ច្បាប់​សំណង់​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ផង​ដែរ អ្នកគ្រប់គ្រង​ការ​សាងសង់​ជា​ជនជាតិ​ចិន បាន​អះអាងប្រាប់សមត្ថកិច្ចចម្រុះ​ថា ច្បាប់​សាងសង់​របស់​ការដ្ឋាន​នេះ កំពុង​តែ​រត់​ច្បាប់​ហើយ ប៉ុន្តែ​ពួក​គាត់​ពុំ​ដឹង​ថា ឯកសារ​ច្បាប់​នោះ​ដល់​ណា​ហើយ​ទេ គឺ​លោក​អត់​ដឹង​ទេ ។ ការឆ្លើយដោះបន្ទុករបស់មេការជនជាតិចិនបែបនេះ ធ្វើឲ្យគេមានការសង្ស័យអាចមានអំពើពុករលួយជាមួយមន្រ្តីស្ថាប័នមន្ទីរក្រសួងណាមួយ ទើបរត់ច្បាប់មិនទាន់គ្រាប់គ្រាន់ផង គេសាងសង់មុនបាត់ទៅហើយ ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here