ប្តីប្រពន្ធវ័យក្មេងមួយគូឈ្លោះគ្នា ប្តីវ៉ៃប្រពន្ធនឹងដាវ សមត្ថកិច្ចឃាត់ខ្លួនដាក់ខ្នោះ

0
105

ខេត្តតាកែវ:  ប្តីប្រពន្ធវ័យក្មេងមួយគូ បានបង្កទំនាស់ជាមួយគ្នា រហូតប្រើអំពើហិង្សា ដោយប្តីវ៉ៃប្រពន្ធបណ្តាលឲ្យរងរបួស ហើយត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃ អង្គារ ១២ រោច ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២០ ស្ថិតភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ញ៉ែងញ៉ង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញឹម រដ្ឋា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិ/ឃុំខាងលើ (ប្ដី)។ រីឯជនរងគ្រោះឈ្មោះ វណ្ណ សូនីតា ភេទស្រី អាយុ ១៨ ឆ្នាំ មានស្រុកកំណើតនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ប្រពន្ធ)។

ប្រភពដដែលបានឲ្យដឹងថា មុនកើតហេតុ ប្តីប្រពន្ធមួយគូនេះបានឈ្លោះគ្នាយ៉ាងតឹងសរសៃក ធ្វើឲ្យជនសង្ស័យជាប្តីបានវាយទៅលើជនរងគ្រោះជាប្រពន្ធដោយប្រើដាវនិងដៃ បណ្ដាលឲ្យរបួសហើមជាំសាច់ជាច្រើនកន្លែង ហើយថែមទាំងគំរាមសម្លាប់ទៀតផង ប្រសិនបើហ៊ានប្ដឹងសមត្ថកិច្ច។ ពេលឃើញជនសង្ស័យមានដាវកាន់ក្នុងដៃបែបនេះ អ្នកភូមិបានរាយការណ៍ប្រាប់នគរបាលក្នុងមូលដ្ឋានចុះដល់ទីតាំងខាងលើធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here