ស្រវឹងស្រាខឹងឪពុកស្តីបន្ទោសចាក់សាំងដុតម៉ូតូ និងទាញពូថៅដេញកាប់អ្នកចូលទៅឃាត់

0
88

ខេត្តរតនគិរី:  មានករណីហិង្សាមួយកើតឡើងនៅវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃ អាទិត្យ ២ កើត ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០  ត្រង់ចំណុច ភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ដោយកូនប្រុសខឹងឪពុកស្ត្តីបន្ទោសរឿងផឹកស៊ីមិនគិតជួយធ្វើការងារផ្ទះក៏ចាក់សាំងដុតបណ្ដាលឲ្យខូចខាតម៉ូតូ១គ្រឿង ព្រមទាំងទាញពូថៅដេញកាប់បងប្អូនដែលចូលទៅជួយឃាត់ថែមទៀត ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប្រចាំបញ្ជារបស់អធិការដ្ឋាននគរបាលស្រុក វើនសៃ បានចុះធ្វើអន្តរាគមន៍ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡែក ជីន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិព្រៅ ទីលំនៅភូមិឃុំកើតហេតុខាងលើ ដើម្បីសួរនាំនិងធ្វើកំណត់ហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបាន ផឹកស៊ីស្រវឹងហើយបានទាស់សម្តីជាមួយឪពុកបង្កើតរបស់ខ្លួនខណៈឪពុកស្ត្តីបន្ទោសរឿងផឹកស៊ីមិនគិតជួយធ្វើការងារផ្ទះ។ បន្ទាប់មកជនសង្ស័យបានទៅទិញសាំងមកចាក់ដុតម៉ូតូរបស់ឪពុក ហើយដោយឃើញដូច្នេះបងប្អូនក៏បានចូលមកហាមឃាត់ តែពេលនោះជនសង្ស័យមិនស្តាប់ ថែមទាំងបានយកពូថៅដេញកាប់បងប្អូនរត់ជនជើងគ្នាទៀតផង ប៉ុន្តែពុំមានរបួសស្នាមអ្វីឡើយ។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីបំពេញបែបបទ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕ សំបូរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here