ជើងខ្លាំងប្រចាំភូមិវាយទប់គ្នាផ្អើលពិធីឡើងផ្ទះគេ នគរបាលឃាត់ខ្លួនទាំងពីរនាក់

0
84

ខេត្តក្រចេះ៖ កម្លាំងនគរបាលស្រុកសំបូរបាន ឃាត់ខ្លួនយុវជន ២នាក់ ក្រោយបង្កហិង្សា ក្នុងកម្មវិធីឡើងផ្ទះអ្នកជិតខាង នៅវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

មន្រ្តីនគរបាល ស្រុកសំបូរបានឲ្យដឹងថា យុវជនចំនួន២នាក់នេះត្រូវគេស្គាល់ថា ជាជើងខ្លាំងប្រចាំភូមិ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីបានបង្កហិង្សាវាយតប់គ្នា ទៅវិញទៅមក នៅក្នុងកម្មវិធីឡើងផ្ទះអ្នកជិតខាងឈ្មោះ ភុង គឹមហេង និងប្រពន្ធឈ្មោះ ទួន ស្រីកែវ នៅភូមិឃុំកើតហេតុខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលម្ចាស់ផ្ទះ និងភ្ញៀវដែលបានចូលរួមរត់ជាន់ជើងគ្នា ។

ជនសង្ស័យ២នាក់នេះមានឈ្មោះ ចាន់ ផារិត ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ឈោះ ឈួន គឹមហេង ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរជាមួយគ្នា ហើយអ្នកទាំងពីរ បានវាយគ្នាទៅវិញទៅមក បង្កឱ្យមានចលាចលនៅក្នុងកម្មវិធី និងមានរបួសទាំងសង្ខាង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមានហេតុការណ៍នេះកើតឡើងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ បានចុះទៅធ្វើអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ យកមកអធិការដ្ឋាន ដើម្បីបំពេញនីតិវិធី ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here