សមត្ថកិច្ចកំពុងតាមចាប់ខ្លួនប្រជាការពារភូមិវាយជនពិការម្នាក់បាក់ដៃ

0
95

ខេត្តបាត់ដំបង: នៅថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២០ នេះ គេឃើញរូបភាពបុរសវ័យចំណាស់ម្នាក់ជាជនពិការជើងម្ខាង ត្រូវប្រជាការពារនៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រើហិង្សាទៅលើគាត់ដោយវាយធ្វើបាបរហូតបាក់កដៃម្ខាងទៀត ដោយគេបានបង្ហោះនៅតាមបណ្តាញសង្គមធ្វើឲ្យមានការអាណិតអាសូរហួសពីការស្មាន ។ បន្ទាប់មកជនរងគ្រោះត្រូវបានអ្នកភូមិដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី គ្រាដែលពេលនេះសមត្ថកិច្ចនគរបាលមូលដ្ឋានមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការប្រើហិង្សាទៅលើជនពិការពីសំណាក់ប្រជាការពារមូលដ្ឋានដោយសារមូលហេតុអ្វី និងមិនទាន់ចាត់ការលើជនបង្កនៅឡើយ ។

ពាក់ព័ន្ធករណីនេះក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជម្រាបជូនដល់សាធារណជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គមបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌ មានដែលបង្ហោះតាមបណ្តាញសង្គម លើកឡើងថាប្រជាការពារនៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រើហិង្សាទៅលើបុរសវ័យចំណាស់ម្នាក់កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នោះ នៅពេលនេះ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ចាត់ វិធានការស្រាវជ្រាវលើករណីនេះហើយ។ ប្រសិន បើរកឃើញថា បុគ្គលណាជាអ្នកប្រព្រឹត្តិដោយហិង្សាទៅលើបុរសវ័យចំណាស់ដូចការលើកឡើងក្នុងបណ្តាញសង្គមនោះអ្នកប្រព្រឹត្តនឹង ទទួល ខុស ត្រូវចំពោះមុខច្បាប់ ។

សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណ:ជនពិសេសក្រុមគ្រួសារ ជនរងគ្រោះ និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេតា្តជ្រាប និងចូលរួមសហការណ៍ ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកមោងឫស្សីបានឲ្យដឹងថា ក្រោយពីមានទទួលបញ្ជាពី លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយនោះកម្លាំងសមត្ថកិច្ចនគរបាលស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាល ឫស្សីក្រាំង បានចុះស្រាវជ្រាវនិងតាមចាប់ជនដៃដល់ដែលប្រព្រឹត្តអំពើហិង្សាលើជនពិការរូបនេះ គ្រាដែលបុគ្គលរូបនេះកំពុងគេចខ្លួន ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here