រថភ្លើងខូចតាមផ្លូវមានពលរដ្ឋខិលខូចនាំគ្នាគាស់ទូលួចយកអង្ករអស់១៦បាវ

0
91

ខេត្តព្រះសីហនុ៖ រថភ្លើងមួយខ្សែដែលមានដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេស បានខូចនៅតាមផ្លូវស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ធ្វើឲ្យពលរដ្ឋខិលខូចមួយចំនួន បាននាំគ្នាទៅគាស់ទូរថភ្លើងមួយគ្រឿងនេះដណ្តើម យកអង្ករបាត់បង់អស់ជាច្រើនបាវ។

មន្ត្រីស្ថានីយរថភ្លើងប្រចាំខេត្តព្រះសីហនុបានឲ្យដឹងថា អង្ករដែលមាននៅក្នុងទូរថភ្លើងហើយត្រូវពលរដ្ឋលួចយកទៅនេះ ជាអង្ករដែលនៅមានជាតិថ្នាំគីមីរក្សាការពារសត្វល្អិត មិនទាន់ដល់កំណត់ដែលអាចដាំបាយពិសាបានទេ ប្រសិនបើយកទៅទទួលទានភ្លាមអាចប៉ះពាល់ដល់សុខភាព និងថាសុំឲ្យពលរដ្ឋដែលលួចយកអង្ករនេះទៅប្រុងប្រយ័ត្នបំផុត។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងបន្ថែមថា តាមព័ត៌មានបឋម គឺបាត់អង្ករចំនួន ១៦បាវ ដែលក្នុងមួយបាវមានទម្ងន់៥០គីឡូក្រាម។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ស្វែងរកមុខសញ្ញាលួចអង្ករនោះនៅឡើយ ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here