ប្រជាពលរដ្ឋជិត២០០០នាក់ផ្អើលទៅចាប់ដីរបស់រដ្ឋនៅស្រុកម៉ាឡៃក្រោយចាញ់បោកមេខ្យល់

0
91

ប៉ោយប៉ែតៈ ប្រជាពលរដ្ឋប្រុស ស្រីក្មេងចាស់ប្រមាណជិត២០០០នាក់បាននាំគ្នាភ្ញាក់ផ្អើល ទៅចាប់ដី តាមរយៈមេខ្យល់បំផុសបំផុល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចព្រៃថៅកែយ៉ ព្រៃរនាមដូនសំនិងព្រៃ រាំងវង្ស ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលករណីនេះធ្វើឲ្យអាជ្ញាធរដែនដីទប់ស្កាត់សឹងមិនបាន  ។

ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកម៉ាល័យបានឲ្យដឹងថា ករណីពលរដ្ឋប្រុស ស្រីក្មេងចាស់នាំគ្នាផ្អើលទៅចាប់ដីនៅចំណុចខាងលើតាមរយៈមេខ្យល់បំផុសបំផុលនោះមានអ្នកខ្លះជិះម៉ូតូ ខ្លះជិះរថយន្ត និងខ្លះទៀតជិះម៉ូតូរ៉ឺម៉កម៉ូតូ មកពីស្រុក ក្រុង ចំនួន៣ ដូចជាក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ។ ពលរដ្ឋដែលធ្វើដំណើរមកនោះបានប្រាប់ថាកន្លងមកពួកគាត់មួយចំនួនត្រូវមេខ្យល់មិនស្គាល់ឈ្មោះដើរកត់ឈ្មោះតាមខ្នងផ្ទះយកប្រាក់ពីពួកគាត់ខ្លះ៣ម៉ឺនរៀល ៥ម៉ឺនរៀលនិង១០ម៉ឺនរៀល ដើម្បីទៅចាប់យកដីតំបន់នេះជាដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ចំណែកអ្នកខ្លះទៀតមិនទាន់ហ៊ានចំណាយប្រាក់នោះទេ ដោយនាំគ្នាជិះម៉ូតូទៅមើលទីតាំងដីដែលមេខ្យល់ប្រាប់នោះសិនព្រោះមិនទុកចិត្តមេខ្យល់។ តែទៅមិនទាន់ដល់ទីតាំងផងមានកម្លាំងសមត្ថកិច្ចចម្រុះស្ទាក់ហាមឃាត់មិនឲ្យបន្តដំណើរទៅមុខទៀត ក៏នាំគ្នាវិលមកផ្ទះរៀងខ្លួននៅរសៀលថ្ងៃដែល ។

ចំណែកប្រភពដោយឡែកមួយទៀតប្រាប់ថា កន្លងមក មានមេខ្យល់ម្នាក់បំផុសឲ្យទៅចាប់ដីនៅព្រៃរនាមដូនសំ ព្រោះថាព្រៃទាំងនោះមានមេខ្យល់បំផុសពលរដ្ឋឲ្យទៅកាប់រុករានទន្ទ្រានម្ដងរូចមកហើយដោយសន្យាថាឲ្យដីខ្លះដល់ពួកគាត់។ក្រោយពីកាប់អស់ព្រៃដីវាលរាប់ពាន់ហិកតា ស្រាប់តែមេខ្យល់ឲ្យប្រាក់អ្នកទាំងនោះម្នាក់២០០ទៅ៣០០ដុល្លារឲ្យត្រឡប់ទៅផ្ទះវិញ លុះមកដល់ពេលនេះទើបបង្កភ្ញាក់ផ្អើលតាមគ្នាមកចាប់យកដីខាងលើ ព្រោះក្លាយជាវាលអស់ហើយ បើពួកគាត់មិននាំគ្នាទៅចាប់ទេ ខ្លាចនៅថ្ងៃខាងមុខក្រុមឈ្មួញឃុបឃិតគ្នាជាប្រព័ន្ធទិញ លក់ អស់ជាមិនខាន។

ពាក់ព័ន្ធប្រជាពលរដ្ឋនាំគ្នាទៅចាប់ដីខាងលើនេះលោក អែម សុខា អភិបាលស្រុកម៉ាឡៃ បានមានប្រសាសន៍តាមទូរស័ព្ទថា ពលរដ្ឋដែលផ្អើលនាំគ្នាមកចាប់ដីនោះ យើងមិនមានតួលេខចំនួនប៉ុន្មាននាក់ទេ ហើយតាមលោកដឺង ពួកគាត់មកតាមរយៈជំទាវ ពោធិតី សាវតី ប្រធានប្រតិភូនៃឧត្តមក្រមប្រឹក្សាវិភាគពិគ្រោះយោបល់ តែត្រង់ថាជំទាវម្នាក់ហ្នឹងមានដីនៅទីណា លោកមិនបានដឹងនោះទេ ។

លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ជំទាវម្នាក់ហ្នឹង បានដឹកនាំពលរដ្ឋយ៉ាងអនាធិបតេយ្យមកធ្វើសកម្មភាពពេញព្រៃ ដោយមិនបានសហការជាមួយអាជ្ញាធរទេ។ ម្យ៉ាងលោកបានឲ្យកម្លាំងទប់ស្កាត់ ក្នុងនោះរួមមានកម្លាំងសមត្ថកិច្ចស្រុក និងកម្លាំងជំនាញ ក៏ដូចជាមន្ត្រីអនុរក្សបរិស្ថាន នៅព្រឹកមិញនេះរួចហើយ។ចំណែកលោកជំទាវបានប្រជុំជាមួយកម្លាំងសមត្ថកិច្ច មិនដឹងនិយាយបែបណាខ្លះទេ ព្រោះមនុស្សច្រើនចូលអត់ដល់ ។

លោកបញ្ជាក់ថាអ្នកណាមិនចង់បានដីបើនៅសុខៗគេហៅមកយកដីទទេ តែសុំសួរថាសម័យនេះហើយមានដីមកពីណាចែកឲ្យ? ត្រង់ថាពលរដ្ឋចាញ់បោកមេខ្យល់អស់ប្រាក់ប៉ុន្មានខ្លះនោះ លោកមិនទទួលបានព័ត៌មាននេះឡើយ។

យ៉ាងណាករណីនេះលោកស្រី ពោធិតីសាវតី ប្រធានប្រតិភូនៃឧត្តមក្រុមប្រឹក្សា វិភាគពិគ្រោះយោបល់នៃគណបក្សធម្មាធិបតេយ្យក្នុងឱកាសចុះទៅពិនិត្យដីត្រង់ចំណុចភ្ញាក់ផ្អើលខាងលើនេះ បានអះអាងថា លោកស្រីគ្មានដីមួយដុំនៅទីនេះឡើយ ហើយការដែលលោកស្រីចុះមកនេះគឺធ្វើឡើងតាមសំណូមពរប្រជាពលរដ្ឋជាង១៦០០នាក់ ដែលផ្តិតមេដៃចង់បានដីនេះពីរដ្ឋចែកឲ្យធ្វើជាកម្មសិទ្ធិម្នាក់មួយឡូត៍ៗគ្រាន់បានរស់នៅបង្កបង្កើនផល គ្រាដែលពួកគាត់ឃើញគេកាប់ឆ្ការក្លាយជាវាលអស់ទៅហើយ។ ម្យ៉ាងពលរដ្ឋគាត់អះអាងថា ខ្លាចដីនេះក្លាយជាកម្មសិទ្ធិរបស់ឈ្មួញតាមការឃុបឃិតគ្នាណាមួយ ហើយចំពោះពលរដ្ឋចំណាយលុយចាញ់បោកមេខ្យល់ណាមួយនោះលោកស្រីមិនដឹងទេ។

លោកស្រីប្រាប់ថា សំណើនេះលោកស្រីបានទទួលយក ដើម្បីបញ្ជូនទៅប្រមុខរាជរដ្ឋាភិបាលដោះស្រាយ ត្រង់ថាប្រមុខរាជរដ្ឋាភិបាលដោះស្រាយយ៉ាងម៉េច លោកស្រីមិនហ៊ានអះអាងឡើយ ៕ សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here