ភ្លើងឆេះព្រៃរាលដាលដល់បង្គោលភ្លើងឆេះខ្សែតង់ស្យុងអត់ចរន្តប្រើប្រាស់ពេញមួយថ្ងៃ

0
83

ខេត្តពោធិ៍សាត់: ភ្លើងបានឆេះព្រៃយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរាលដាលឆេះដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) អស់១សរសៃនិងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះដាច់ចរន្តប្រើប្រាស់ពេញមួយថ្ងៃ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៤និង៣០នាទី រសៀល ថ្ងៃ សុក្រ ១៣ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ បណ្តាលឲ្យដាច់ចរន្តផ្នែកខ្លះនៃឃុំរកាត និងឃុំសំរោង ស្រុកភ្នំក្រវាញ មូលហេតុដោយសារភ្លើងឆេះព្រៃចេញពីត្រង់ចំណុច ភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេមិនដឹងថាមានមនុស្សដុតព្រៃ ឬកើតឡើងដោយក្រុមអ្នករកឃ្មុំយកភ្លើងដុតយ៉ាងណានោះទេ ស្រាប់តែនៅសុខៗមានអណ្តាតភ្លើងឆេះព្រៃពេញបន្ទុកក្នុងភូមិវាល ហើយបានរាលដាលដល់បង្គោលភ្លើងបណ្តាលឲ្យឆេះដាច់ខ្សែភ្លើងបណ្ដាញតង់ស្យុងមធ្យម (MV) ១សរសៃ តែម្តង តែពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងឧបទ្ទវហេតុនេះ សមត្ថកិច្ចនិងអាជ្ញាធរដែនដីបានរួមសហការគ្នាចេញទៅពន្លត់ភ្លើងអស់រយៈពេលច្រើនម៉ោងទើបរលត់។ ជាមួយនេះដែរក្រុមការងារបច្ចេកទេសអគ្គិសនីបានធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញហើយដែរ ។

អាជ្ញាធរដែនដី បានអំពាវនាវដល់ប្រជាពលរដ្ឋ​មេត្តាប្រុងប្រយ័ត្នកុំចោលកន្ទុយបារី ឬដុតភ្នក់ភ្លើងក្នុងព្រៃ ព្រោះរដូវនេះជារដូវរាំងស្ងួតនាំឲ្យភ្លើងឆេះព្រៃបង្កមហន្តរាយធំដូចពេលនេះ ៕ សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here