ផ្ទុះធុងខ្យល់ដាច់ជើងឆ្វេងបុរសម្នាក់របួសធ្ងន់ធ្ងរ

0
102

ខេត្តព្រះវិហារៈ បុរសម្នាក់ បានក្លាយជាជនពិការតែមួយប៉ប្រិចភ្នែក ដោយកំបុតជើងឆ្វេងត្រឹមក្បាលជង្គង់មកក្រោម ព្រោះតែធ្វើការធ្វេសប្រហែសបញ្ចូលខ្យល់ម៉ាស៊ីនសប់កង់រថយន្តខ្លាំងហួសកំណត់  ធ្វើឲ្យផ្ទុះធុងខ្យល់កក្រើកភូមិ ហើយជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឺកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៧ព្រឹក ថ្ងៃ ព្រហស្បតិ៍ ៥កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

មន្រ្តីនគរបាលស្រុកឆែបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទុយ ធារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប៉ះកង់រថយន្ត រស់នៅភូមិកើតហេតុខាងលើ។ នៅព្រឺកថ្ងៃកើតហេតុ ជនរងគ្រោះបានបញ្ឆេះម៉ាស៊ីនដើម្បីបញ្ចូលខ្យល់ក្នុងបំពង់សម្រាប់ទុកសប់កង់រថយន្ត។ ប៉ុន្តែដោយទំនងជានាឡិកាវាស់ស្ទង់ខ្យល់ខូចស្វ័យប្រវត្តិ ធ្វើឲ្យម៉ាស៊ីនមិនរលត់ចេះតែបញ្ឆេះបញ្ចូលខ្យល់គ្មានឈប់រហូតពេញហួសចំណុះក៏ផ្ទុះកក្រើកភូមិដូចផ្ទុះគ្រាប់បែកប៉ើងធុងខ្យល់ និងសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្បែរនោះតែម្តង ។ មិនតែប៉ុណ្ណោះកម្លាំងផ្ទុះនាពេលនោះមានកម្លាំងខ្លាំងធ្វើឲ្យជនរងគ្រោះប៉ើងដាច់ជើងឆ្វេងត្រឹមក្បាលជង្គង់មកក្រោមមើលទៅគួរឲ្យរន្ធត់បំផុត ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់កន្លែងផ្ទុះដោយខ្លាចជាការផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តែពិនិត្យជាក់ស្តែងទើបដឹងថាជាការផ្ទុះធុងផ្ទុកខ្យល់លើសចំណុះ រួចនាំគ្នាបញ្ជូនជនរងគ្រោះយកទៅ សម្រាកព្យាបាលរបួសនៅនឹងមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ភ្លាមៗផងដែរ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here