តុលាការចោទប្រកាន់មនុស្ស៤នាក់លក់ដីខ្យល់ជាង៤ពាន់ហិកតាបានលុយជាង២លានដុល្លារ

0
108

ខេត្តព្រៃវែង ៖ នៅ ថ្ងៃ ចន្ទ ៩កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២០ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​សម្រេច​ធ្វើការ​ចោទប្រកាន់លោក​អធិ​ការ​នគរបាល​ស្រុក​កំចាយមារ និង​មន្ត្រី​សុរិយោដី រួម​ទាំង​បក្ខពួក​ពីរនាក់ទៀតពី​បទ​.​ឆបោក​.​ប្រាក់​ប្រមាណ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រូបភាព​លក់​ដី​ខ្យល់​ជាង​៤០០ ហិ​កតា ឲ្យជនរងគ្រោះ៤នាក់ តែក្រោយមកគ្មានដីលក់ឲ្យជនរងគ្រោះ ។

មន្រ្តីតុលាការបានឲ្យដឹងថា ជនជាប់សង្ស័យ​ទាំង​៤​នាក់​មាន ១-​ឈ្មោះ ស៊ីវ សុខុម ភេទ​ប្រុស អាយុ​​៥៤​ឆ្នាំ មុខងារ​ជា​អធិការ​នគរបាល​ស្រុក​កំចាយមារ ២-​ឈ្មោះ ម៉ា​ន់ រចនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​មន្ត្រី​សុរិយោដី​ស្រុក​កំចាយមារ ៣-​ឈ្មោះ ពិន សារ​ន់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​៤-​ឈ្មោះ គួ​ន សុវណ្ណ អាយុ​២៩​ឆ្នាំ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​ភូមិ​ចំការ​ចេក​១ ឃុំ​ក្រ​ញូ​ង និង​ភូមិ​ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ។

ប្រភព​ដដែល​បន្ត​ថា ការ​ចោទប្រកាន់​លើ​សំណុំរឿង​នេះ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧ និង​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ឈ្មោះ ស៊ីវ សុខុម​, ឈ្មោះ ម៉ា​ន់ រចនា​, ឈ្មោះ ពិន សារ​ន់ និង​ឈ្មោះ គួ​ន សុវណ្ណ បាន​ចុះ​កិច្ចសន្យា​ព្រមព្រៀង​ទិញ​លក់​ដី​ជាមួយ​ដើមបណ្តឹង​ឈ្មោះ តាំង ស្រ៊ី​អ៊ុយ​, ឈ្មោះ ណ​ម តុង​, ឈ្មោះ វ៉ែន វ៉ា​ន់​យូ និង​ឈ្មោះ ឈុ​ន អេ​ង លើ​ផ្ទៃដី​សរុប​ចំនួន​ជាង​៤១០​ហិ​កតា ដែល​មា​នទី​តាំងទី​១ មាន​ទំហំ​សរុប ២៣១.៤១ ហិ​កតា ស្ថិត​នៅ​ភូមិ​ចំការ​ចេក​១ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង និង​ទីតាំង​ទី​២ មាន​ទំហំ ១៧៩.០៥ ហិ​កតា ស្ថិត​នៅ​ភូមិ​ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង តាម​តម្លៃ​ដែល​បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចព្រមព្រៀង ។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា ចាប់តាំងពី​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​លើក​ទី​១ រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ភាគី​អ្នកលក់​ទាំង​៤​នាក់ គឺ​ឈ្មោះ ស៊ីវ សុខុម​, ឈ្មោះ ម៉ា​ន់ រចនា​, ឈ្មោះ ពិន សារ​ន់ និង​ឈ្មោះ គួ​ន សុវណ្ណ បាន​ទទួល​ប្រាក់​ជា​បន្តបន្ទាប់​ពី​ភាគី​អ្នកទិញ គឺ​ឈ្មោះ តាំង ស្រ៊ី​អ៊ុយ​, ឈ្មោះ ណ​ម តុង​, ឈ្មោះ វ៉ែន វ៉ា​ន់​យូ និង​ឈ្មោះ ឈុ​ន អេ​ង សរុប​ចំនួន​២,០៣១,៣៨២ ​ដុល្លារ​អា​មេ​រិ​ករួច​ហើយ តែ​ភាគី​អ្នកលក់​ពុំ​មាន​ដី​ប្រគល់​ឱ្យ​ភាគី​អ្នកទិញ​ឡើយ ។ ​បទល្មើស​នេះត្រូវបានចោទប្រកាន់ដោយ យោង​តាម​មាត្រា​៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ ។ មកដល់ពេលនេះសំណុំរឿង​នេះ ត្រូវបានតំណាង​អយ្យការ​សាលាដំបូងខេត្តព្រៃវែង បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​ ហើយ​ចៅក្រម​ស៊ើបសួរ បាន​និង​កំពុង​ពិនិត្យ​ពិចារណា ដើម្បី​ចាត់ការ​តាម​នីតិ​វិធីនៅឡើយ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here