លោក ស ថាវី និងបក្ខពួក៨នាក់ត្រូវតុលាការចោទប្រកាន់លក់អចលនវត្ថុខុសច្បាប់ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ

0
97

ភ្នំពេញ៖ មនុស្ស៩នាក់ក្នុងនោះមាន អតីតអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ ត្រូវបានព្រះរាជអាជ្ញាររងអមសាលាដំបូងរាធានីភ្នំពេញ លោក សាយ ណូរ៉ាចោទប្រកាន់កាលពីថ្ងៃទី២ មីនា ឆ្នាំ២០២០ នេះថា បានពាក់ព័ន្ធនឹងការលក់អចលនវត្ថុខុសច្បាប់ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

បើតាមការឲ្យដឹងនៅក្នុងដីការបស់ព្រះរាជអាជ្ញា លោក សយ ណូរ៉ា បញ្ជាក់ថា អតីតអភិបាលខេត្តឧត្ដរមានជ័យ លោក ស ថាវី ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្ដើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។ រីឯ បក្ខពួក និងគូកន៨នាក់ទៀត ត្រូវចោទប្រកាន់ពីបទ «លួចលក់អចលនវត្ថុដែលមិនមែនរបស់ខ្លួន»។
ជនសង្ស័យទាំង៩រូបនេះ រួមមាន លោក ស ថាវី, លោក ឡុង ដារ៉ា ហៅ ណាង , លោក ប៉ូច ថេន, លោក ឡូញ រស់, លោក អ៊ុក ភក្តី , លោក យិន អ៊ឹម , លោក ម៉ាត់ ឌី , លោកស្រី យស់ ម៉ាលីណា  និង គូកន ។ ក្នុងចំណោមអ្នកទាំង៩នាក់នេះ គឺមាន៣នាក់ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន រួមមានលោក ឡុង ដារ៉ា លោក ឡូញ រស់ និង លោក ប៉ូច ថេន។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យក្នុងកំណត់ហេតុ បានឲ្យដឹងកាលពីឆ្នាំ២០១៨ លោក ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ ទៅឱ្យ លោក ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ ១៥ម៉ឺនដុល្លារ។ បន្ទាប់មកលោក ឡុង ដារ៉ា បានចែកលុយនោះ ឲ្យទៅមេធាវីចំនួន៧ម៉ឺនដុល្លារ និងឲ្យលោក យិន អ៊ឹម ចៅសង្កាត់សំរោង ៤ម៉ឺនដុល្លារ ជាថ្លៃធ្វើឯកសារលក់ដី រួមទាំងចែកឱ្យមនុស្សមួយចំនួនទៀត។

លោក ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០,០០០ដុល្លារប៉ុណ្ណោះ។ ក្នុងចម្លើយសារភាពនេះ ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ថា ដីដែល លោក ប៉ូច ថេន ទិញនេះ គឺលោក ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យលោក ស ថាវី  តែចំពោះដីស្រែដែលខ្លួនបានលក់នោះ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមាន លោក ស ថាវី ជាអ្នកបញ្ជាឱ្យខ្លួនលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺ លោក អ៊ុំ ភក្តី ជាអ្នករៀបចំ ៕ ប្រសើរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here