រហូតមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ គ្មានវត្តមានវីរុសកូរ៉ូណាថ្មី ឬ Covid-19 កើតឡើងចំពោះប្រជាពលរដ្ឋណាម្នាក់ទេ

0
95

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ  បានប្រកាសជាថ្មីម្ដងទៀតក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកូវីដ១៩ នៅរសៀលថ្ងៃទី០៥ ខែមីនានេះថា រហូតមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ គ្មានវត្តមានវីរុសកូរ៉ូណាថ្មី ឬ Covid-19 កើតឡើងចំពោះប្រជាពលរដ្ឋណាម្នាក់ នៅក្នុងប្រទេសកម្ពុជានោះទេ ។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានធ្វើតេស្ដលើមនុស្ស ចំនួន១៤៥នាក់ ដែលសុំមកធ្វើតេស្តរក Covid-19 តែលទ្ធផលបានបង្ហាញច្បាស់ថា ១៤៤នាក់គ្មានវីរុសនេះឡើយ លើកលែងតែជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ដែលផ្ទុកវីរុសកូវីដ ហើយត្រូវបានព្យាបាល ជាសះស្បើយ និងបានត្រឡប់ទៅប្រទេសដើមវិញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន ចំពោះករណីដួលសន្លប់ ហើយអ្នកជំងឺខ្លះរហូតដល់ស្លាប់ ដែលត្រូវចែកចាយក្នុងបណ្ដាញសង្គមថា មានផ្ទុកវីរុសកូវីដ១៩នេះ គឺជាព័ត៌មានក្លែងក្លាយដែលគេប្រឌិតឡើង ក្នុងចេតនាអាក្រក់តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ប្រធានផ្នែកពេទ្យសួតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី ក៏បានអះអាងដូចគ្នាដែរថា ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៥ ខែខែមីនា មានអ្នកធ្វើតេស្តសុខភាពរកជំងឺ កូវីដ ១៤៥នាក់ទូទាំងប្រទេស។ ក្នុងនោះពេទ្យរុស្ស៊ីមាន ៧៨ករណី ទាំងជនជាតិបរទេស និងខ្មែរ។ ជនបរទេសមានចិន កាហ្សាស្ថាន ជប៉ុន កូរ៉ និងអូស្ត្រាលីជាដើម។

លោកបានបញ្ជាក់ទៀតថា ក្នុងនោះមាននិស្សិតខ្មែរមកពីចិន ៤២នាក់ បានចូលពិនិត្យផងដែរ ហើយជាលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់ អត់បញ្ហាអ្វីទេ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here