ចោទជនរងគ្រោះថាចេះធ្មប់ធ្វើម្តាយខ្លួនឲ្យឈឺស្លាប់ ទៅកាប់ដល់ផ្ទះសមត្ថកិច្ចចាប់បានម្នាក់រត់រួចម្នាក់

0
99

 ខេត្តតាកែវ: សមត្ថកិច្ចនគរបាលខេត្តតាកែវបានឃាត់ខ្លួនជនសង្ស័យ ២នាក់បងប្អូនបង្កើត ដកហូតម៉ូតូ១គ្រឿង ពាក់ព័ន្ធនឹងករណីហិង្សាបង្ករបួសស្នាមដល់អ្នកដទៃកាលពីរសៀលថ្ងៃ អង្គារ ១០កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២០ នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំងខេត្តតាកែវ ។

មន្រ្តីនគរបាលស្រុកទ្រាំងបានឲ្យដឹងថា ជនសង្ស័យ២នាក់នេះមានឈ្មោះទី១.ឈ្មោះ ម៉ម អែម ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង មុខរបរកម្មករសំណង់ (បងបង្កើតកំពុងគេចខ្លួន) និងទី២.ឈ្មោះ ម៉ម អន ហៅពោត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា (ប្អូនត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រីឯ៑ជនរងគ្រោះឈ្មោះ មាស សាម៉ន ភេទប្រុស អាយុ៥៦
ឆ្នាំ មុខរបរកសិករ (ប្តី) និងប្រពន្ធឈ្មោះ វា ស្រី ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរកសិករ ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់បងប្អូន ប្រដាប់ដោយកាំបិតក្រង៉ុក និងម៉ូតូ១គ្រឿង បានដឹកគ្នាចូលទៅកាប់ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ដែលកំពុងដេកនៅលើគ្រែក្រោមផ្ទះ ក្នុងភូមិឃុំជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដោយចោទជនរងគ្រោះថាជាគ្រូធ្មប់ ធ្វើឲ្យម្តាយរបស់ខ្លួនឈឺស្លាប់។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបាន កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី និងកំពុងស្វែងរកចាប់ជនដៃដល់ម្នាក់ទៀតដែលកំពុងគេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕ សំបូរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here