ប្រជាពលរដ្ឋ២នាក់ប្តឹងលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី ករណីបោកលុយរាប់ពាន់ដុល្លារ ក្រោមរូបភាពនាំចូលធ្វើទាហានតែអត់បានសម្រេច

0
110

ខេត្តកណ្តាល ៖  នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក អង្គស្នួល បានសម្រេចកសាងសំណុំរឿងបណ្តឹងរបស់ប្រជាពលរដ្ឋ ២នាក់ដែលបានប្តឹងលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ពីបទរំលោភលើទំនុកចិត្ត ក្នុងអំពើឆបោកប្រាក់អស់រាប់ពាន់ដុល្លារ រួចបញ្ជូនទៅកាន់សាលាដំបូង ខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។

តាមការបញ្ជាក់ពីលោក ឡាក់ ម៉េងធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានប្រាប់ថា ជំនាញរបស់លោកបានទទួលសំណុំរឿងនេះរួចហើយ និងគ្រោងបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តកណ្ដាលឆាប់ៗនេះ។ ចំណែកលោកឧត្តមសេនីយ៍ ឡេង ប៊ុនស្រ៊ី បានច្រានចោលការចោទប្រកាន់ទាំងស្រុង និងបានអះអាងថា លោកពុំបានស្គាល់បុគ្គល ២រូបដែលចោទលោកនោះទេ ហើយស្នើសុំយកភស្តុតាងជាក់លាក់មកផង។

លោកឡាក់ ម៉េងធី បន្ថែមថា សមត្ថកិច្ចបានសម្រេចបញ្ជូនសំណុំរឿងនេះទៅតុលាការកាលពីចុងខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ បន្ទាប់ពីលោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល កោះហៅលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស៊្រី) ឲ្យចូលឆ្លើយបំភ្លឺតាមការបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះ ប៉ុន្តែលោកផ្កាយ៣រូបនេះមិនព្រមចូលខ្លួនទេ ដោយឲ្យឈ្មោះ ជា គឹមសេន ទាក់ទងទៅសមត្ថកិច្ចនិងអះអាងថាខ្លួន (ឡេង ប៊ុន ស្រ៊ី ហៅ ហ៊ុន ប៊ុនស្រ៊ី) មិនបានដឹងអ្វីទាំងអស់។

តាមការអះអាងរបស់សមត្ថកិច្ចគឺជនរងគ្រោះជាដើមបណ្តឹងមានចំនួន២នាក់ ដែលបានដាក់ពាក្យប្តឹង លោក ផ្កាយ ៣ ឡេង ប៊ុនស៊្រី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ដោយចោទពីបទរំលោភលើទំនុកចិត្ត។ ជនរងគ្រោះទាំងនាំមាន ទី ១ឈ្មោះ ម៉ាប់ វណ្ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិរូង ឃុំ យុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីអំឡុងដើមឆ្នាំ ២០១៩ បានចាញ់បោកលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី)អស់ប្រាក់ ចំនួន ៣,៥០០ដុល្លារ ខណៈទាមទារក្នុងតម្លៃ៥០០០ដុល្លារ ដើម្បីរត់ការចូលធ្វើជាទាហានប៉ុន្តែមិនបានសម្រេច។ ចំណែកជនរងគ្រោះទី២ឈ្មោះ លាស់ សុខខេន ភេទ ស្រី មានទីលំនៅភូមិ ត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីអំឡុងពាក់កណ្តាល ឆ្នាំ ២០១៩ បានចាញ់បោកលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ចំនួន ២,០០០ដុល្លារ ក្នុងករណីរត់ការដោះស្រាយ បញ្ចប់រឿងក្តីដីធ្លី នៅតុលាការ ប៉ុន្តែមិនបានសម្រេចដូចការសន្យា។

ជនរងគ្រោះ ឈ្មោះ ម៉ាប់ វណ្ណៈ បានរៀបរាប់ថា ខ្លួនបានស្គាល់លោកផ្កាយ ៣ ឡេង ប៊ុនស្រ៊ី(ហៅ ហ៊ុន ប៊ុនស្រ៊ី) តាមរយៈឈ្មោះគង់ សុខណូន រស់នៅក្នុងស្រុកអង្គស្នួល។ ឈ្មោះគង់ សុខណូន បាននាំឲ្យគាត់ជួបលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅហ៊ុន ប៊ុនស្រ៊ី) ដើម្បីឲ្យជួយរត់ការចូលធ្វើជាយោធា ក្នុងតម្លៃព្រមព្រៀងគ្នា ចំនួន ៣,៥០០ដុល្លារ ។ ដោយការជឿជាក់លើឈ្មោះ គង់ សុខណូន និងលោកផ្កាយ ៣ ឡេង ប៊ុនស្រ៊ី (ហៅហ៊ុន ប៊ុនស្រ៊ី) ដែលអះអាងថា ជាសាច់ញាតិថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងមានបក្ខពួករបស់ខ្លួនច្រើនណាស់ចង់ធ្វើការនៅស្ថាប័នណាក៏បានដែរ ទើបគាត់ព្រមយកលុយចំនួន ៣,៥០០ដុល្លារ ទៅប្រគល់ឲ្យលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ដល់ផ្ទះនៅភូមិ អង្គស្នួលទី ២ ឃុំពើក ស្រុក អង្គស្នួល ខេត្ត កណ្តាល ហើយរហូតមកដល់ពេលនេះពុំទទួលលទ្ធផលឡើយ។

ក្នុងករណីចោទប្រកាន់ខាងលើនេះដែរ លោកឧត្តមសេនីយ៍ឯក ឡេង ប៊ុនស្រ៊ី នៅតែច្រានចោលការចោទប្រកាន់ខាងលើដោយអះអាងថា លោកពុំដែលបានស្គាល់បុគ្គ ២រូបដែលចោទលោកនោះទេ ហើយស្នើសុំយកភស្តុតាងជាក់លាក់មកបង្ហាញផង។ ដោយឡែកលោក គង់ សុខណូន ដែលអះអាងថាដើមបណ្តឹងបាននាំពលរដ្ឋទាំង២នាក់ទៅជួបលោកនោះ ក៏លោកឧត្តមសេនីយ៍ឯក ឡេង ប៊ុនស្រ៊ី បានច្រានចោលផងដែរ ។

យ៉ាងណាក្នុងរឿងមិនប្រក្រតីដែលអាចពាក់ព័ន្ធនឹងអំពើពុករលួយនេះ ត្រូវបាននគរបាលខេត្តកណ្តាលកសាងសំណុំដើម្បីបញ្ជូនទៅតុលាការរួចហើយ ហើយបើមិនមានភាពប្រែប្រួលទេគេសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ និងបន្តនិតិវិធីរបស់ខ្លួនដើម្បីស្រាវជ្រាវនិងចាត់ការលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី បន្ថែមទៀតមិនខាន ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here