មានទំនាស់ពាក្យសម្តី ប្រើញញួរវាយក្បាលគូបដិបក្ខស្លាប់នគរបាលចាប់ដាក់ខ្នោះ

0
95

 

ខេត្តតាកែវ:  មានករណីឃាតកម្មមួយកើតឡើងចេញពីទំនាស់ពាក្យសម្តី ធ្វើឲ្យភាគីចាញ់រងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យ តែជាអកុសលបានស្លាប់ រីឯភាគីឈ្នះត្រូវនគរបាលមូលដ្ឋានចាប់ដាក់ខ្នោះ ។

ហេតុការនេះកើតឡើង នៅ វេលាម៉ោង ៧និង២០នាទី ថ្ងៃព្រហស្បតិ៍ ៣កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យជាឃាតក ឈ្មោះ គុយ សាវី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពយកញញួរវាយទៅលើជនរងគ្រោះឈ្មោះ ដួង ស៊ីម ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ បណ្ដាលឲ្យរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខណៈមានទំនាស់ពាក្យសម្តីគ្នាជាមួយជនរងគ្រោះ។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងធំខាងត្បូង បានឃាត់ខ្លួនជនសង្ស័យខាងលើ​រួមនឹងវត្ថុតាងញញួរមួយដើម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ។ ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here