២៣ថ្ងៃមកនេះ មានយានយន្ត ៣៤៨៣៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

0
93

ភ្នំពេញ៖ តាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
នារសៀលថ្ងៃទី២៣ខែឧសភានេះបានឲ្យដឹងថក្នុងរយៈពេល២៣ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ គឺចាប់ពីថ្ងៃទី០១ដល់២៣ ខែឧសភា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣៤៨៣៣គ្រឿង ក្នុងនោះម៉ូតូ ២៥៣៨៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៩៤៤៩គ្រឿង។
លោកឧត្តមសេនីយ៍ឯកបញ្ជាក់ដោយឡែកសម្រាប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩លើក ស្លាប់៧នាក់ របួស៥នាក់ (របួសធ្ងន់៣នាក់)ហើយក្នុងនោះ មានយានយន្ត ១៤២៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យដែល ម៉ូតូមាន ៩៦៧គ្រឿង និងរថយន្តចំនួន ៤៦២គ្រឿង។

បទល្មើសកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសភ្លើងសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន អត់ពាក់ខ្សែក្រវាត់ លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ និងស្រវឹង។

លោកបានបន្តថា រយៈពេល ២៣ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។

ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ឯកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់មន្រ្តីនគរបាលចរាចរ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងជោគជ័យ៕ ដោយ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here