អគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ទាំងកណ្តាលអធ្រាត្រ

0
66

ខេត្តបន្ទាយមានជ័យ ៖ កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ មានអគ្គិភ័យមួយបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងខ្ទេចខ្ទីអស់គ្មានសល់ដែលទំហំខូចខាតគិតជាទឹកប្រាក់រាប់ម៉ឺន​ដុល្លារ​ នៅក្នុងភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាម្ចាស់ផ្ទះដែលអគ្គិភ័យឆាបឆេះដំបូងគេមានឈ្មោះ ប៊ុនម៉ៅ អាយុ៦២ ឆ្នាំ បន្ទាប់មកឆេះរាលដាលដល់ផ្ទះ១- លោកមួង សេងគី ចុងភៅការ ២-ផ្ទះ
លោកស្រី មួង សាវយិច មុខរបរចុងភៅការ ៣-ផ្ទះ លោកសាន់ លក់បាញ់ឆែវ ៤-ផ្ទះលោក ជួយ ជាអាជីវករ និង៥-ផ្ទះតាម៉ៅពិការជើង។ គ្រួសារទាំង៦នេះ រស់នៅភូមិឃុំកើតហេតុខាងលើ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញភ្លើងឆេះចេញពីផ្ទះឈ្មោះ ប៊ុន ម៉ៅ ដែលសង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើងហើយភ្លាមនោះក៏មានការជួយអន្តរាគមន៍ពី
សមត្ថកិច្ចចម្រុះ មានកម្លាំងរដ្ឋបាលស្រុកមង្គលបូរី នគរបាលស្រុកមង្គលបូរី កម្លាំងកងរាជអាវុធហត្ថស្រុកជាច្រើននាក់ និងពលរដ្ឋជិត ខាងជួយពន្លត់ណាស់ដែរតែគ្រប់គ្រងស្ថានការណ៍មិនបានក៏រាលឆេះដល់ផ្ទះអ្នកជិតខាងជាបន្តបន្ទាប់។គ្រានោះដែរគេ ឃើញ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត និងស្រុកមង្គលបូរីចំនួន៧គ្រឿងនាំគ្នាជួយបាញ់ពន្លត់យ៉ាងអស់ពីចិត្តរហូតជិត២ម៉ោងទើបគ្រប់គ្រងស្ថានការណ៍បានជាស្ថាពរ ។
យ៉ាងណាឧប្បត្តិហេតុអគ្គិភ័យគួរឲ្យតក់ស្លុតនេះបានធ្វើឲ្យម្ចាស់ផ្ទះស្រែកទ្រហោយំ បោកប្រាណ ស្ដាយទ្រព្យសម្បត្តិដែលប្រឹងរកស៊ីរាប់ឆ្នាំមកហើយតែពេលនេះត្រូវបំផ្លាញដោយអគ្គីភ័យឆាបឆេះអស់គ្មានសល់តែមួយភ្លែត៕
ដោយ:សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here