

ខេត្តឧត្តមានជយ័៖គួរឲ្យអាណិតអាសូរដោយសារជីវភាពគ្រួសារក្រីក្រពេកខិតខំប្រឹងប្រែងឡើងភ្នំចុះភ្នំដើម្បីដើររកជីកគល់ឈើបេងប៉ៈចំគ្រាប់មីនមិនផ្ទុះបណ្តាលឲ្យមនុស្ស ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង មនុស្ស២នាក់ទៀត បានរងរបួសធ្ងន់។ហេតុ ការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤និង៥៧នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិត នៅក្នុងភូមិសាស្រ្តក្បាលអូខ្សាច់ ត្រង់ចង្កេះភ្នំដងរែក ក្នុងភូមិចាថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
តាមប្រសាសន៍របស់លោកវរសេនីយ៍ទោ ស៊ុន បូរ៉ាន់ មេបញ្ជាផ្នែកសឹករងស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ករណីផ្ទុះមីន ដែលនៅសល់ពីសម័យសង្គ្រាមបានបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ចំនួន ២នាក់ បានស្លាប់ ទី១. ឈ្មោះ ឆាយ បឿន ភេទ ប្រុស អាយុ ៦៥ ឆ្នាំ និងទី២.ឈ្មោះ ប៉េង ស៊ីម ភេទប្រុសអាយុ ១៣ឆ្នាំត្រូវជាកូន ដែល មានទីលំនៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។ ហើយក៏មានប្រជាពលរដ្ឋ ២នាក់ទៀត បានរងរបួសស្រាល ឈ្មោះ រស់ ភាន ភេទប្រុសអាយុ ៥៥ឆ្នាំ ត្រូវរបួស ដៃទាំងសង្ខាង និងម្នាក់ទៀតឈ្មោះ ឈិន ប៊ុនធឿន ភេទប្រុសអាយុ ១៥ឆ្នាំ ត្រូវប្រអប់ជើងឆ្វេង ដែលអ្នកទាំងពីរមានទីលំ នៅភូមិឃុំកើតហេតុខាងលើ ហើយត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកត្រពាំងប្រាសាទ។
លោកបន្តថា គ្រាប់មីនដែលផ្ទុះ សមត្ថកិច្ចជំនាញ នៅមិនទាន់បានដឹងថា ជាប្រភេទគ្រាប់មីនអ្វីនោះទេ ហើយនៅពេលនេះវេលាម៉ោង ៩យប់ កម្លាំងយោធាផ្នែកសឹករង រួមជា មួយសាច់ញាតិជនរងគ្រោះ និងសហការជាមួយសមត្ថកិច្ច កំពុងតែធ្វើដំណើរឡើងភ្នំ ជាទីតាំងកើតហេតុ ដើម្បីយកសាកសពជនរងគ្រោះ មកធ្វើបុណ្យតាមប្រពៃណី។
តាមការរៀបរាប់ពីឈ្មោះ រស់ ភាន ភេទប្រុសអាយុ ៥៥ឆ្នាំ ដែលត្រូវរបួស ដៃទាំងសង្ខាង បានឱ្យដឹងថា ពួកគាត់មានគ្នីគ្នាចំនួន ៤នាក់ ឡើងចង្កេះភ្នំ ដើរ រកជីកគល់បេង ដើម្បីយកទៅលក់ ហើយនៅកំពុងជីគល់បេង ពួកគាត់ប្រើម៉ាស៊ីនត្រង់ស៊ីន័រ អារឬស្សបេង ក៏ប៉ះចំគ្រាប់មីនផ្ទុះ បណ្តាលគ្នីគ្នា ២នាក់ស្លាប់ ហើយចំណែកឯខ្លួន និងឈ្មោះ ឈិន ប៊ុនធឿន ដែលត្រូវរបួស ក៏ចុះពីភ្នំ ទៅផ្តល់ដំណឹងដល់គ្រួសារដើម្បីជួយទៅយកសាកសពអ្នកដែលស្លាប់៕សិរសា