អុញ!មានខិត្តប័ណ្ណជាច្រើនសន្លឹកហែកកេរ្តិ៍លោកថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ

0
66


កណ្តាល៖ក្នុងខិត្តប័ណ្ណជាច្រើនសន្លឹកត្រូវបានប្រជាពលរដ្ឋរកឃើញដែលជនអនាមិកបាចតាមទីសាធារណ: បានហែកកេរ្តិ៍លោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ជាច្រើនចំណុចដូចជា ៖
-មេប៉ុស្តិ៍សង្កាត់សិត្បូ មិនសូវយកចិត្តទុកដាក់ជាមួយប្រជាជន ។
-មិនសូវមកកន្លែងធ្វើការ បើចង់ប្តឹងទាល់តែណាត់មុនសិន ។
-មិនចេះដឹកនាំកូនចៅធ្វើការ ។ កូនចៅបែងចែកបក្ខពួកគ្មានការសហការគ្នា ធ្វើអោយប្រជាជនលំបាកក្នុងការសាកសួរព័ត៌មាន ព្រោះមួយរុញទៅមួយ ។
-ពេលប្រជាជនមានរឿងខលមិនដែលលើក ថ្នាំញៀនរីករាលដាលស្ទើរពេញភូមិ ចោរគាស់ផ្ទះ លួចលុយមាសប្រាក់ គាស់កុដិលោក ក៏មិនខ្វល់ ។
-ចូលចិត្តដោះស្រាយរឿងថ្នាំញៀនក្រៅប្រព័ន្ធ ចាប់យកលុយហើយលែងវិញ ។
-ម៉ូតូបាត់រាប់ភ្លេច អសមត្ថភាព រហូតដល់បាត់ម៉ូតូ ប្រជាជនលែងប្តឹង ។
-កាន់តែហួសចិត្តនោះ គឺ ដើរយកលុយពីវង់ល្បែងមិនញញើតដៃ ។
-ទទួលបណ្តឹងរើសមុខ ចូលចិត្តដើររកតែកន្លែងស៊ីផឹក ។ ប្រជាជនមិនពេញចិត្តស្ទើរពេញសង្កាត់ ។
ចុងក្រោយមានការចោទប្រកាន់ ធ្ងន់ៗថា «និយាយតែរឿងលុយ មេប៉ុស្តិ៍មុខលុយ សូមថ្នាក់លើជួយដកមេប៉ុស្តិ៍ចង្រៃនេះ ចេញពីសង្កាត់សិត្បូ ទៅ» ។
តាមប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានខិត្តប័ណ្ឌជាច្រើនសន្លឹកត្រូវបានជនអនាមិកបោះចោលពាសវាលពាសកាលពេញផ្លូវ២១A ពីភូមិសិត្បូដល់ភូមិព្រែកត្រែង ដោយបានហែកកេរ្តិ៍លោកអនុសេនីយ៍ឯក ថន ចាន់រ័ត្ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ មានន័យដូចខាងលើ។
ក្នុងករណីនេះ លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ថា លោកនឹងចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ ដើម្បីស៊ើបអង្កេតករណីនេះ តើលោកមេប៉ុស្តិ៍សិត្បូ មានបញ្ហាដូចការចោទប្រកាន់ដែរឬទេ ?
ប្រជាពលរដ្ឋកំពុងរង់ចាំមើលថាតើលោកអធិការស្រាវជ្រាវរកឃើញដូចការចោទប្រកាន់ខាងលើដែរឬអត់៕

អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here