ឆក់កាបូបលុយបានជិត១ម៉ឺនដុល្លារជិះម៉ូតូគេចខ្លួនម្ចាស់ជិះឡានជិះតាមបំបុកស្លាប់

0
80

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាស្រ្តីតែងខ្លួនធ្វើប្រុសបានធ្វើសកម្មភាពជិះម៉ូតូឆក់យកកាបូបលុយបានសម្រេចពីបុរសម្នាក់រួចជិះម៉ូតូគេចខ្លួនតែត្រូវម្ចាស់កាបូបលុយឡើងបើករថយន្តដេញបំបុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់រថយន្តនិងជាម្ចាស់កាបូបលុយ(សុំមិនបញ្ចេញឈ្មោះ)បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកHighlanderពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-7006ក្នុងទិសដៅពីត្បូងទៅជើងបំណងមកកាត់សក់នៅហាងមួយ លុះមកដល់ផ្លូវលេខ១០១១កែងផ្លូវលេខ៧២គាត់ក៏ឈប់រថយន្តហើយបើកទ្វារបម្រុងដើរចូលទៅកាត់សក់ ប៉ុន្តែភ្លាមនោះក៏ស្រាប់តែលេចមុខជនសង្ស័យជាស្ត្រីតែងខ្លួនធ្វើជាប្រុសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HQ-2546មកពីក្រោយក៏បានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់គាត់បានសម្រេចដែលក្នុងកាបូបនោះមានទឹកប្រាក់ជិត១ម៉ឺនដុល្លាររួចហើយក៏ជិះម៉ូតូគេចខ្លួន។ភ្លាមៗនោះគាត់ក៏បានបើករថយន្តដេញតាមពីក្រោយជនសង្ស័យរហូតមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យក៏បានវាក់ជាមួយរថយន្តនៅខាងមុខ ហើយដោយសារគាត់បើករថយន្តដេញតាមជនសង្ស័យក្នុល្បឿនលឿននោះធ្វើឱ្យគាត់ជាន់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុកពីក្រោយម៉ូតូជនសង្ស័យពេញទំហឹងបណ្តាលឲ្យជននេះស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងដោយឃាត់ម្ចាស់រថយន្តយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនសង្ស័យសមត្ថកិច្ចបានអនុញ្ញាតឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
បានប្រមាណជាងកន្លះម៉ោងក្រោយមកលេចមុខបុរសម្នាក់អាយុជាង៣០ឆ្នាំមកអើតមើលសពហើយបានអះអាងប្រាប់គេឯងថា សពស្រី្តនេះជាប្អូនបង្កើតរបស់គាត់ដែលតែងខ្លួនធ្វើប្រុសរស់នៅម្តុំបឹងសាឡាង។ វាបានចាកចេញពីផ្ទះទៅរស់នៅជាមួយសង្សារយូរមកហើយនិងមិនបានស្តាប់ដំបូន្មានក្រុមគ្រួសារនោះទេ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here