



កណ្តាល៖ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនមួយចំនួននិងដាវមួយដើម កាលពី វេលាម៉ោង ១៣និង៣០នាទី រសៀលថ្ងៃទី ០៣ ខែ កុម្ភះ ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ឈ្មោះ ទួត នី ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ៖ ចំនួន ០២នាក់ (ឃាត់ខ្លួន)
ទី១ – ឈ្មោះ ទួត នី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាឪពុករបស់ឈ្មោះ នី សារ៉េត) ។
២ – ឈ្មោះ នី សារ៉េត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថាក្នុងការឃាត់ខ្លួននោះសមត្ថកិច្ចដកហូតម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច និង ឧបករណ៍វុិចខ្ចប់ ប្រើប្រាស់មួយចំនួន ។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ទួត នី ស្ថិតក្នុងភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានចុះទៅដល់ចំណុចកើតហេតុ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យ ជនសង្ស័យទាំងពីរនាក់ បានរកឃើញឧបករណ៍វុិចខ្ចប់និងប្រើប្រាស់មួយចំនួន ។ លុះដល់វេលាម៉ោង ១៣និង៥៦នាទី ថ្ងៃខែឆ្នាំដដែល ដោយមានបញ្ជាអោយឆែកឆេរផ្ទះ ពី លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង បន្តត្រួតពិនិត្យផ្ទះរបស់ឈ្មោះ ទួត នី នៅចំណុចភូមិ រកាលើ ឃុំខ្ពប បានរកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច , ដាវដែក ចំនួន ០១ដើម និងឧបការណ៍វុិចខ្ចប់មួយចំនួនបន្ថែមទៀត រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីសាកសួរ ។
តាមប្រភពព័ត៌មានពីជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ នី សារ៉េត បានសារភាពថា ខ្លួនបានទទួលលុយពីឈ្មោះ ជ័រ ចេង ហៅ ខ្លូ រស់នៅភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ចំនួន ៣០០០០០៛ (សាមសិបមុឺនរៀល) អោយទៅទិញគ្រឿងញៀនចំនួន ០១កញ្ចប់ធំ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចស្តុបព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល រួចយកគ្រឿងញៀននោះទៅអោយឈ្មោះ ជ័រ ចេង ហៅ ខ្លូ ។ បន្ទាប់មកឈ្មោះ ជ័រ ចេង ហៅ ខ្លូ បានអោយគ្រឿងញៀនទៅខ្លួន ចំនួន ០៣កញ្ចប់តូច ដើម្បីទុកលក់ខ្លួនឯង ។
សូមបញ្ជាក់ថា៖ឈ្មោះ ទួត នី (ត្រូវជាឪពុករបស់ឈ្មោះ នី សារ៉េត) ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់យ៉ាងសកម្ម ។
បច្ចុប្បន្ននេះជនសង្ស័យទាំងពីរនាក់ រួចនឹងវត្ថុតាងកម្លាំងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីអនុវត្តន៍តាមនីតិវិធី៕សារ៉េត