រកឃើញស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ដែលគេចពីការធ្វើចត្តាឡីស័ក នៅក្នុងផ្ទះសំណាក់មួយក្នុងទីរួមខេត្តកំពង់ចាម

0
73

ភ្នំពេញ៖ តាមការបញ្ជាក់របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឲ្យដឹងថាស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទាប់ពីគាត់គេចពីការធ្វើចត្តាឡីស័ក។

ក្រសួងសុខាភិបាលបានឲ្យដឹងថាស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរូបនាងបានធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា និងបានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើលតែម្តង។

ទោះជាយ៉ាងនេះក្តី បើតាម លោកអភិបាលខេត្ត, បន្ទាប់ពីរកឃើញវិញហើយនោះ សមត្ថកិច្ចបានដាក់ស្រ្តីខាងលើ ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ដែលជាកន្លែងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ចាម ហើយមន្រ្តីសុខាភិបាល ក៏បានយកសំណាកស្រ្តីរូបនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ ជាលទ្ធផលបែបណានោះនៅមិនទាន់ដឹងទេ៕
គ្រូធំ

LEAVE A REPLY

Please enter your comment!
Please enter your name here