ចូលផ្សារយូរពេកគួបផ្សំការប្រចណ្ឌផងប្តីវ៉ៃប្រពន្ធបែកក្បាលឈានដល់លែងលះគ្នា

0
97

ភ្នំពេញ:  ជនដៃដល់ជាប្តីមានឈ្មោះវ៉ៃ យ៉ាងប៊ិន អាយុ៣២ឆ្នាំ មុខរបរ ដើរទិញអេតចាយ មានទីលំនៅភូមិកោះនរាយណ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានវាយប្រពន្ធឈ្មោះ ង៉ែត សារ៉ាត់ អាយុ ៤២ឆ្នាំ មុខរបរ លក់គ្រឿងក្រអូប រស់នៅជាមួយកូនក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យបណ្តាលឲ្យបែកក្បាលព្រោះតែចូលផ្សារយូរពេកនិងម្យ៉ាងសង្ស័យប្រចណ្ឌផង។

ហេតុការណ៍នេះកើតឡើងកាលពី ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងផ្សារពោធិចិនតុង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមសម្តីបុរសជាប្តី បានឲ្យដឹងថា សព្វថ្ងៃនេះ២ទៅ៣ថ្ងៃ ទើបប្រពន្ធទៅជួបខ្លួនម្តង សង្ស័យតែមានប្រុសថ្មីហើយ ព្រោះពេលទៅជួបខ្លួនឃាត់ឲ្យនៅជាមួយ ដើម្បីដើររកទិញអេតចាយទាំងអស់គ្នា តែប្រពន្ធមិនព្រម ខឹងមាត់រឹងពេកទើបទ្រាំលែងបាន ។
ចំណែកស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់ជាស្ត្រីមេម៉ាយកូន២នាក់ (ប្រុស១នាក់ ស្រី១នាក់) ហើយស្គាល់ ស្រឡាញ់គ្នាជាមួយបុរសខាងលើ ជាប្តីប្រពន្ធហេងស៊យ អស់រយ:ពេលជាង១ឆ្នាំមកហើយ ។ក្នុងជីវភាពប្រចាំថ្ងៃប្តីជាអ្នកដើរទិញអេតចាយ ឯគាត់ជាអ្នកលក់គ្រឿងក្រអូប ។ ស្ត្រីដដែលបន្តទៀតថា ការរស់នៅជាប្តីប្រពន្ធ ហាក់ដូចជាពុំសូវចុះសម្រុងគ្នាប៉ុន្មានទេ គាត់មានវ័យចំណាស់ទៅហើយ រីឯលោកប្តីវ័យនៅក្មេង ហើយក៏មិនស្រឡាញ់ ចូលចិត្តកូនៗរបស់គាត់ដែរ គោលបំណងរបស់ប្តីចង់ឲ្យផ្តាច់ទំនាក់ទំនងពីកូន ទៅដេករស់នៅតែ២នាក់ប្តី តែរូបគាត់មិនសុខចិត្ត ម្តាយឯណាផ្តាច់មនោសញ្ចេតនា ទំនាក់ទំនងពីកូននោះ។ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ គាត់បានទៅជួបប្តីនៅឯភូមិនរាយណ៍ ដើម្បីបំពេញបំណងលោកប្តី លុះមកដល់ព្រឹកថ្ងៃទី២១ នេះសុំប្តីវិលមកផ្ទះកូនវិញ ប្តីខឹងមិនព្រមឲ្យមកម្នាក់ឯងទេ សុខចិត្តជិះម៉ូតូ ឌុបគ្នា ធ្វើដំណើរមកដល់ផ្សារពោធិ៍ចិនតុង ចុះចូលផ្សាររកទិញម្ហូប សាច់ជ្រូកផ្ញើកូន មិនទាន់ទិញបានផង ស្រាប់តែប្តីដើរចូលទៅ ស្រែកឡូឡាចោទថា ប៉ងគេចខ្លួន ហើយលួចមានប្រុសថ្មីទៅវិញ ។មិនតែប៉ុណ្ណោះថែមទាំងចាប់បោចសក់និង យកមួកសុវត្តិភាពវាយប៉ោងក្បាលពីក្រោយទៀតផង។ បន្ទាប់មកក៏ផ្អើលឆោឡោ ដល់សមត្ថកិច្ចចុះទៅឃាត់សកម្មភាព បញ្ឈប់ប្រើអំពើហិង្សានិងនាំទាំង ២នាក់ ទៅធ្វើការអប់រំនៅប៉ុស្តិ៍។ សមត្ថកិច្ចអះអាងថាដោយខាងស្រីមិនចង់ឲ្យមានរឿងវែងឆ្ងាយទើបរូបស្រ្តីជាប្រពន្ធ ថាឈប់ទាក់ទង ផ្តាច់សម្ព័ន្ធស្នេហ៍ជាមួយបុរសដើរទិញអេតចាយនេះទៀត ហើយធ្វើកិច្ចសន្យាគ្មានប្តឹងផ្តល់ គ្មានអំពើហិង្សាទៀតទេ ដោយសុំលែងលះដើរចាកចេញទៅផ្ទះរៀងខ្លួនចាប់ពីពេលនេះតទៅ ៕ អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here