ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងក្នុងហាងខារ៉ាអូខេឌីយ៉ាម៉ង់ធាល រួចចេញមកក្រៅវិញ ទប់អារម្មណ៍មិនបាន បើកទ្វារថយន្ត យកកាំភ្លើងវែងបាញ់ខ្យល់ មកបាញ់មេឃបង្អើលគេឯង នៅនិងមុខហាងជាចំនួន៣គ្រាប់ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
បុគ្គលិកសន្តិសុខខារ៉ាអូខេខាងលើ បានឲ្យដឹងថា គេឃើញបានបុរសម្នាក់ អាយុជាង៣៥ឆ្នាំ បានដើរចេញ ពីក្នុងខារ៉ាអូខេ ខាងលើក្នុងសា្ថនភាពស្រវឹង តែមិនដឹងថាបុរសខាងលើនោះ មានកំហឹងរឿងអ្វី បានដើរមកបើកទ្វាររថយន្ត ប្រភេទមួយបាំងកន្លះ ម៉ាក TOYOTA HILUX ពណ៌ស ពាក់ស្លាកលេខ រដ្ឋ៣៦ .២ .០៨០៩ ដែលចតទុក នៅមុខហាង រួចហើយបានទាញ យកកាំភ្លើងវែង ជាប្រភេទកាំភ្លើងបាញ់ខ្យល់ មកបាញ់មេឃបង្អើលគេឯង ចំនួន៣គ្រាប់ រួចហើយក៍ដើរចូល ទៅក្នុងខារ៉ាអូខេវិញបាត់។ ពេលនោះពួកគាត់ក៏បាន រាយការណ៍ទៅប្រាប់ សមត្ថកិច្ចមូលដ្ឋាន អោយចុះមកមើល ហើយបានត្រឹមមកឈរសំឡឹង មើលទៅរថយន្តជនបង្កប៉ុណ្ណោះ រួចក៏នាំគ្នាជិះម៉ូតូ ចេញទៅបាត់អស់ ហាក់បីដូចជាគ្មានរឿងអីកើតឡើងក្នុងហាងនេះឡៀយ ៕ អូន ធួក