បង្រ្កាបមុខសញ្ញាឆក់ត្រីនិងប្រមាញ់សត្វព្រៃម្នាក់រឹបអូសឧបករណ៍មួយចំនួន

0
65

ខេត្តពោធិ៍សាត់ ៖ មន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាប្រមាញ់សត្វព្រៃនិងឆក់ត្រីរួមទាំងឧបករណ៍បទល្មើសជាវត្ថុតាងមួយចំនួនដើម្បីនាំយកទៅបន្តនីតិវិធី ។
ការឃាត់ខ្លួនជនសង្ស័យរួមទាំងឧបករណ៍ប្រព្រឹត្តបទល្មើសជាក់ស្ដែងនេះ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចច្រកព្រាល ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលស្រុកវាលវែងប្រាប់ថា មុខសញ្ញាជាជនសង្ស័យខាងលើឈ្មោះ យស់ វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចភូមិឃុំកើតហេតុខាងលើ តែងប្រព្រឹត្តបទល្មើសប្រមាញ់សត្វព្រៃ និងឆក់ត្រីជាញឹកញាប់។

មន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា ក្នុងនោះកម្លាំងដកហូតនូវឧបករណ៍ជាវត្ថុតាងរួមមាន អាវុធកែច្នៃចំនួន ២ដើម ដុំអាំងសុីវែរទ័រចំនួន ១គ្រឿង ខ្សែលួសចំនួន ៣ដុំ បង្គោលឈើសម្រាប់ទាក់ខ្សែលួសចំនួន ១២ដើម និងកណ្ដៀវដែកចំនួន ២ផ្លែ។ ចំពោះជនសង្ស័យជាមុខសញ្ញារួមទាំងឧបការណ៍ជាវត្ថុតាង ត្រូវបាននាំយកទៅបន្តនីតិវិធី ៕
ដោយៈ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here