ហិង្សាក្នុងគ្រួសារ÷ស្រ្តីជាប្រពន្ឋប្តឹងសមត្ថកិច្ចដាក់ទោសប្តីប្រើអំពើហឹង្សាវ៉ៃនាង៦ដងស្ទើរស្លាប់ស្ទើររស់

0
72

ខេត្តកំពង់ធំ÷មានរឿងរ៉ាវមួយល្បី​កក្រើក​ពេញ​ស្រុក​ស្ទោង ខណៈ​ដែល បុរសជើងខ្លាំងម្នាក់វ៉ៃប្រពន្ឋម្តងហើយម្តងទៀតដល់ទៅ៦ដង ស្ទើរតែស្លាប់ រហូតដល់​បាក់ជើង ហើមមុខហើមមាត់ ហើយពេលស្រ្តី​រងគ្រោះ​រត់ទៅប្តឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឲ្យជួយបែរជាមិនជួយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចាប់ខ្លួនបុរសជាប្តីបញ្ជូនទៅតុលាការដើម្បីចាត់ការម្តង។
លោកវរសេនីយ៍ត្រី ឃុន ភារ: មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោងបានឲ្យដឹងថា
បុរស​ជាប្តីដែលប្រើអំពើហិង្សាលើប្រពន្ធខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរឈ្មោះ.ត្រេង ឡូញ (ហៅស្វិត) ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិកំពង់ក្តី, ឃុំកំពង់ចិនត្បូង, ស្រុកស្ទោង, ខេត្តកំពង់ធំ។បុរសនេះត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី08 ខែ08 ឆ្នាំ2020 ដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ កែ ឌីណា ភេទស្រី អាយុ37ឆ្នាំ រស់នៅភូមិកំពង់ក្តី, ឃុំកំពង់ចិនត្បូង, ស្រុកស្ទោង ខេត្តកំពង់ធំ ជាប្រពន្ធជនដៃដល់បាន​ឲ្យ​ដឹង​ថា​ ខ្លួន​រងទុក្ខ​វេទនា​ជាខ្លាំង ដោយសារ​ប្តី​របស់​នាង​ឈ្មោះ​ ត្រេង ឡូញ (ហៅស្វិត) តែង​តែ​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង​ ជាបន្តបន្ទាប់ ដោយការវ៉ៃដំច្រំធាក់ រហូត​បាក់ជើងម្តងមកហើយ តែ​នាងតែងតែលាក់បាំងនឹងម្តាយ និងបងប្អូន ដោយ​មិនចង់ឲ្យគេដឹងឡើយដោយសារកន្លងមកនាងជ្រើសរើសយកប្តីរូបនេះដោយខ្លួនឯងទាំងក្រុមគ្រួសារមិនពេញចិត្ត។
នាង កែ ឌីណា បាន​បន្ត​ថា​ ប្តី​របស់​នាង​បានវ៉ៃធ្វើបាបសរុបទាំងពេលនេះ 6ដងហើយ ហើយកន្លងមករាល់ពេលមានអំពើហិង្សាម្តងៗ នាងបានទៅដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចិនត្បូង តែមេប៉ុស្តិ៍ថាមិនហ៊ានដោះស្រាយទេ ។ជាមួយនេះក៏ធ្លាប់ទៅប្តឹងនៅសាលាស្រុកស្ទោង ក៏មន្រ្តីសាលាស្រុកមិនហ៊ានដោះស្រាយ ទៀតហើយថែមទាំងជំរុញឲ្យនាងទៅដាក់ពាក្យប្តឹងនៅតុលាការធ្វើឲ្យនាងកាន់តែអស់សង្ឃឹម​។
នាងបន្តថា ទើបតែពេលនេះនាងប្តឹងទៅតុលាការហើយ ក្រោមការ ដឹកនាំ​របស់​លោក​ស៊ិន វិរ: ព្រះ​រាជអាជ្ញា អយ្យការ​អមសាលាដំបូង ខេត្ត​កំពង់ធំ​ បាន​បញ្ជាឲ្យកម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុកស្ទោង ក្រោមការសម្របសម្រួលដោយ លោក សាយ វាសនា ព្រះ​រាជអាជ្ញា​រង​ក៏ចាប់ឃាត់ខ្លួន​ប្តីកំណាចនាំមកចាត់ការតាមនីតិវិធីច្បាប់ ពីបទហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ន្ធឬអនិតិសង្វាសជន។
ពាក់ព័ន្ធករណីនេះភ្នាក់ងារអង្គភាពកាសែតនគរវត្តមិនអាចសុំការបញ្ជាក់ពីលោកត្រេង ឡូញ (ហៅស្វិត) ជាស្វាមីលោកស្រី កែ ឌីណា ដើម្បីបញ្ជាក់ពីមូលហេតុប្រើហិង្សាលើប្រពន្ធបានទេដោយគ្មានលេខទូរស័ព្ទ ៕
ដោយ÷សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here